ភ្នំពេញ: បុរសម្នាក់ស្រវឹងស្រាជាខ្លាំងបានបើករថយន្ត ឡិចស៊ីសRX350មួយគ្រឿងបោះពួយយ៉ាងលឿនជ្រុលទៅបុកខឿនមាត់ច្រាំងទន្លេកោះពេជ្រ បណ្តាលឲ្យបាក់ថ្មខឿនអស់មួយផ្ទាំងធំមិនទាន់អស់ល្បឿនហើយរថយន្តហោះចូលទឹកទន្លេជិតលិចបង្កឲ្យមានការភ្ញាក់ផ្អើលដល់សន្តិសុខនិងសមត្ថកិច្ចមូលដ្ឋាន នៅចំណុចផ្លូវមាត់ទន្លេក្នុងបរិវេណកោះពេជ្រជិតស្ពានឥន្ទនូកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២២ខែសីហាឆ្នាំ២០២០ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។
តាប្រភពព័ត៌មាននៅមុនកើតហេតុគេឃើញបុរសម្នាក់ស្រវឹងស្រាធ្លាក់ភ្នែកបើករថយន្តមួយគ្រឿងម៉ាកឡិចសុីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF-9666 បានរេចង្កូតពេញផ្លូវនៅក្នុងបរិវេណកោះពេជ្រធ្វើដំណើរតាមបណ្តោយផ្លូវបេតុងមាត់ទន្លេទិសដៅពីជើងទៅត្បូងខណៈមកដល់ចំណុចកើតហេតុខាងលើជ្រុលទៅបុកខឿនមាត់ច្រាំងទន្លេពេញទំហឹងបណ្ដាលឲ្យបែកបាក់ជាច្រើនម៉ែត្រខ្ទេចខ្ទីរួចរថយន្តបង្កបន្តទៅមុខធ្លាក់ចូលទៅត្រាំក្នុងទឹកទន្លែងតែម្តងសំណាងល្អម្ចាស់មិនមានរងរបួស ៕


