ភ្នំពេញៈ ខ្មាន់កាំភ្លើងដែលបាញ់ប្រហារចំនួន៤គ្រាប់នៅ ខណ្ឌទួលគោកត្រូវកម្លាំងកងរាជអាវុធហត្ថស្រាវជ្រាវចាប់ខ្លួនបានហើយនៅរសៀលថ្ងៃទី០២ខែកញ្ញាឆ្នាំ២០២០ម្សិលមិញនេះនិងបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញដើម្បីចាត់ការបន្ដតាមនីតិវិធី។
ហេតុការណ៍ផ្ទុះអាវុធនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណ៤ទាបភ្លឺឈានចូលថ្ងៃទី០២ ខែកញ្ញាឆ្នាំ២០២០នៅមុខហាងយីហោ «ស៉ីកនេតឈ័រ» តាមបណ្ដោយផ្លូវ២៨៧កែងផ្លូវលេខ៥២៨ស្ថិតក្នុងសង្កាត់បឹងកក់ទី១ខណ្ឌទួលគោករាជធានីភ្នំពេញ។
សេចក្ដីរាយការណ៍បានឲ្យដឹងថាខ្មាន់កាំភ្លើងត្រូវអាវុធហត្ថចាប់ខ្លួនបាននៅសង្កាត់ព្រែកឯងខណ្ឌច្បារអំពៅមានឈ្មោះ វណ្ណៈ ជាមន្ដ្រីយោធានៅក្រសួងការពារជាតិ។
ក្នុងនោះសមត្ថកិច្ចដកហូតបានអាវុធខ្លីមួយដើម ម៉ាក Glock និងរថយន្ដមួយរបស់ជនសង្ស័យផងដែរ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ថាមុនពេលកើតហេតុជនសង្ស័យបានទៅចូលផឹកស៉ីនៅហាងលើ តែមិនដឹងមានរឿងអ្វីនោះទេស្រាប់តែដកកាំភ្លើងពីចង្កះហើយអាមេបញ្ចូលគ្រាប់រួចដាក់លើតុ។
ឃើញបែបនេះមេការហាងបានដើរទៅសួរនាំនិងសុំទោសខ្មាន់កាំភ្លើងដើម្បីឲ្យយកកាំភ្លើងទុកវិញព្រោះការធ្វើបែបនេះធ្វើឲ្យភ្ញៀវដ៏ទៃមានការភ័យខ្លាច។
ក្រោយមកខ្មាន់កាំភ្លើងបានគិតលុយរួចចាកចេញពីហាង បានមួយសន្ទុះស្រាប់តែជិះម៉ូតូត្រឡប់មកវិញនិងបានដកកាំភ្លើងបាញ់ទៅលើផ្ទាំងយីហោនៅខាងមុខហាងចំនួន៤គ្រាប់តែម្ដងទើបជិះគេចខ្លួនបាត់តែម្ដង៕


