អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកំពង់ផែក្រុង (Beirut) នៃប្រទេសលីបង់ជាងមួយខែបន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏កក្រើក

អគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅកំពង់ផែក្រុង (Beirut) នៃប្រទេសលីបង់ជាងមួយខែបន្ទាប់ពីមានហេតុការណ៍ផ្ទុះដ៏កក្រើក

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

បេរូត:​ ករណី​អគ្គីភ័យមួយបានឆាបឆេះឡើងយ៉ាង​សន្ធោ​សន្ធៅនៅឯកំពង់ផែក្រុងបេរូត (Beirut) នៃប្រទេសលីបង់ នៅថ្ងៃព្រហស្បតិ៍នេះតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់មានករណីផ្ទុះដ៏កក្រើកដែលបានសម្លាប់ជីវិតមនុស្សជិត ២០០នាក់។
នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃព្រហស្បតិ៍ទី១០ខែកញ្ញាឆ្នាំ២០២០។

មូលហេតុនៅពីក្រោយអគ្គីភ័យដែលបានបង្កភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀតនេះនៅទីក្រុងបេរូតមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

Sponsor

ប៉ុន្តែបើតាមប្រភពពីយោធាលីបង់ដែលបានគូសបញ្ជាក់​នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនបានឲ្យដឹងថាអគ្គីភ័យនេះបានចាប់ផ្តើមឆាបឆេះចេញពីឃ្លាំងស្តុកទំនិញមួយកន្លែង ដែលប្រេងនិងសំបកកង់រថយន្តត្រូវបានគេរក្សាទុកនៅក្នុងផ្សារមិនគិតពន្ធរបស់កំពង់ផែក្រុងបេរូត។

យ៉ាងណាមិញហាក់ពុំមានសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះថ្នាក់នៅក្នុងគ្រោះអគ្គីភ័យនេះឡើយ។

រូបភាពដែលបានថតនៅកន្លែងកើតហេតុបានបង្ហាញពីឃ្លាំងផ្ទុកមួយកំពុងហ៊ុមព័ទ្ធជុំជិតដោយអណ្តាតភ្លើងយ៉ាង​សន្ធោ​សន្ធៅខណៈផ្សែងខ្មៅខ្មួលខ្មាញ់ហុយឡើងពេញពាសផ្ទៃមេឃ។

អ្នករស់នៅទីក្រុងបេរូតជាច្រើននាក់បានចែករំលែករូបភាព​និងឃ្លីបវីដេអូអំពីហេតុការណ៍នេះនៅលើបញ្តាញសង្គម ដោយបានសម្តែងពីការខកចិត្តជាខ្លាំងចំពោះការដែលគ្រោះ​មហន្តរាយមួយរំលងផុតទៅមិនទាន់បានប៉ុន្មានផងគ្រោះម​ហន្តរាយមួយទៀតស្រដៀងគ្នានេះស្រាប់តែបានកើត​ឡើង។

គួរជម្រាបថាប្រទេសលីបង់ដែលកំពុងជួបវិបត្តិនយោបាយ និងសេដ្ឋកិច្ចស្រាប់ទៅហើយនោះបានជួបប្រទះករណីផ្ទុះដ៏កក្រើកនៅឯកំពង់ផែក្រុងបេរូតកាលពីថ្ងៃទី០៤ខែសីហាកន្លងទៅ។

ក្នុងហេតុការណ៍នោះមានមនុស្សយ៉ាងតិច២០០នាក់បានស្លាប់និងជាង៦,០០០នាក់រងរបួសខណៈមនុស្សដល់ទៅជាង ៣០០,០០០នាក់បាត់បង់ផ្ទះសម្បែង៕