ភ្នំពេញៈ ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃម្នាក់ដកកាំភ្លើងភ្ជង់ថៅកែហាងគុយទាវអង្គរជុំនៅក្នុងវង់ផឹកស៊ីសាខាទួលគោកពេលនេះបានដាក់ពាក្យប្តឹងទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារទង្វើនេះសុទ្ធតែបន្សល់ទុកនូវនិទណ្ឌភាពលែងស្គាល់ច្បាប់ទម្លាប់អាចគុកច្រវ៉ាក់បើព្រហើនកោងកាចខុសតម្រា ។
សូមបញ្ជាក់ថាបើយោងតាមពាក្យបណ្តឹងដែលទទួលបាននៅយប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០២០គឺម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោករាជធានីភ្នំពេញបានដាក់ពាក្យប្តឹងប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃឈ្មោះ ថ្លាង ភិនរ៉ា បន្ទាប់ពីនាយមន្ត្រីនគរបាលរូបនេះបានដកកាំភ្លើងគំរាមបាញ់សម្លាប់លោកនិងភរិយា។
ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២០ខែកញ្ញាឆ្នាំ២០២០កន្លង។
ជនរងគ្រោះឈ្មោះ ជុយ សុខហេង ភេទប្រុសអាយុ៥៣ឆ្នាំ ទីលំនៅសព្វថ្ងៃផ្ទះលេខ៩១ផ្លូវ៥៩២សង្កាត់បឹងកក់២ខណ្ឌទួលគោក រាជធានីភ្នំពេញជាម្ចាស់ហាងគុយទាវអង្គរជុំសាខាទួលគោកបានប្ដឹងលោក ថ្លាង ភិនរ៉ា ជានាយមន្ត្រីនគរបាល ឋាន:ជាប្រធានការិយាល័យប្រឆាំងភេរវកម្មនៃក្រសួងមហាផ្ទៃទៅកាន់ស្ថាប័នចំនួន៣
ទី១៖ ប្តឹងទៅកាន់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។
ទី២៖ ប្តឹងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ទី៣៖ ប្តឹងទៅកាន់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
ការប្ដឹងនេះបានធ្វើឡើងបន្ទាប់ពីមន្ត្រីនគរបាលខាងលើបានជេរប្រមាថនិងគំរាមបាញ់សម្លាប់ជនរងគ្រោះនិងភរិយា ដោយដកកាំភ្លើងពីចង្កេះអាមេបញ្ចូលគ្រាប់តម្រង់ទៅលើជនរងគ្រោះនិងភរិយាដែលកំពុងហូបអាហារថ្ងៃត្រង់នៅក្នុងហាគុយទាវអង្គរជុំសាខាទួលគោកផ្ទាល់តែម្ដង។
លោក ជុយ សុខហេង បានរៀបរាប់នៅក្នុងពាក្យបណ្តឹងថា ៖ នៅថ្ងៃកើតហេតុថ្ងៃទី២០ខែកញ្ញាវេលាម៉ោងប្រមាណ១២ថ្ងៃត្រង់លោកបានរៀបចំការហូបចុកជុំជាមួយមិត្តភក្តិប្រមាណ៨នាក់ជាលក្ខណៈមិត្តភាពនៅទីតាំងហាងគុយទាវរបស់ខ្លួន ព្រោះមិនមានការបើកលក់នោះទេជាថ្ងៃបុណ្យភ្ជុំ។
លោក សុខហេង រៀបរាប់ទៀតថាលុះការហូបចុកបានមួយសន្ទុះក៏លោក ថ្លាង ភិនរ៉ា ដើរចូលកន្លែងហូបចុករបស់លោកដោយមិនមានការអញ្ជើញនោះឡើយតែដោយសារធ្លាប់ស្គាល់គ្នាទើបអ្នករួមតុអនុញ្ញាតឱ្យលោក ថ្លាង ភិនរ៉ា រួមតុតែម្តង។
លោក សុខហេង បន្តថាការហូបចុកបានបន្តរហូតដល់ម៉ោងប្រមាណ២រសៀលមិត្តភក្តិមួយចំនួនបានត្រឡប់ទៅផ្ទះអស់ នៅសល់មនុស្សប្រមាណតែ៥នាក់ប៉ុណ្ណោះរួមមានរូបលោក និងភរិយាផង អង្គុយហូបចុកមួយតុរួមគ្នា។
ពេលនោះលោក ថ្លាង ភិនរ៉ា ដែលមានអាការៈស្រវឹងស្រាផងនោះក៏បានចាប់ផ្តើមប្រើពាក្យសម្តីព្រមានពីការបិទហាង ឬដាក់នគរបាលចាំត្រួតពិនិត្យជាតិអាល់កុលនៅមុខហាងគុយទាវជាដើមមិនត្រឹមតែប៉ុណ្ណោះ លោក ថ្លាង ភិនរ៉ា ថែមទាំងបានអួតអាងថាខ្លួនអាចទូរស័ព្ទទៅលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញឱ្យបិទហាងគុយទាវអង្គរជុំពេលណាក៏បានថែមទៀតផង។
នៅក្នុងពាក្យបណ្តឹងលោក សុខហេង បានរៀបរាប់ថាក្រោយមានការលើកឡើងបែបនេះលោកក៏បានតមាត់ទៅវិញថាហាងរបស់លោកលក់គុយទាវ កាហ្វេ មិនបានលក់គ្រឿងញៀនអីនោះទេហេតុអ្វីក៏ចង់បិទហាងរបស់លោក។
បើតាមការរៀបរាប់របស់លោក សុខហេង ក្រោយពីប៉ះសម្តីគ្នាបែបនេះលោក ថ្លាង ភិនរ៉ា ប្រធានការិយាល័យប្រឆាំងភេរវកម្មក្រសួងមហាផ្ទៃបានដកកាំភ្លើងពីចង្កេះរួចអាមេបញ្ចូលគ្រាប់ភ្ជង់ទៅលើរូបលោកនិងភរិយា។
លោក សុខហេង បានបន្តថាមិនត្រឹមតែបានដកកាំភ្លើងមកភ្ជង់នោះទេលោក ភិនរ៉ា បានប្រើសម្តីធ្ងន់ៗគំរាមសម្លាប់រូបលោកនិងភរិយាថែមទៀតផង។
ក្នុងពាក្យបណ្ដឹងដដែលនេះជនរងគ្រោះបានទាមទារសំណងជំងឺចិត្ត១០ម៉ឺនដុល្លារអាមេរិកនិងបានស្នើសូមឲ្យច្បាប់ផ្តន្ទាទោសលើមន្ត្រីនគរបាលនោះធ្ងន់ធ្ងរជាទីបំផុតមិនអាចលើកលែងបាន។


