កំពង់ស្ពឺ: សាកសពត្រូវបានគេប្រទះឃើញបង្ករការភ្ញាក់ផ្អើលដល់សមត្ថកិច្ចកាលពីថ្ងៃទី២៣ខែកញ្ញាឆ្នាំ២០២០ ម្សិលមិញនេះនៅចំណុចមាត់ជ្រោះរោងរាងតាមបណ្តោយផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ១០៤និង១០៥ស្ថិតក្នុងភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ ។
បើតាមសម្តីសាក្សី ឈ្មោះ វ៉ាន សាវឿន ភេទប្រុស អាយុ ៣៤ឆ្នាំមានមុខរបរ ជាកសិករ រស់ក្នុងភូមិទី៦ឃុំត្រែងត្រយឹងស្រុកភ្នំស្រួចបាននិយាយថាៈគាត់បានធ្វើដំណើរដោយម៉ូតូ ពីទិសខាងលិចទៅខាងកើតលុះមកដល់ចំណុចកើតហេតុគាត់បានឃើញរថយន្តម៉ាកតូយ៉ូតាហាយលែនឌ័រពណ៌សតែមិនចាំស្លាកលេខចតបែរមុខទៅទិសខាងលិចហើយគាត់បានឃើញមនុស្សប្រុសម្នាក់សង្ស័យជាជនជាតិចិនបានបើកគូទក្រោយរថយន្តហើយបានទាញវ៉ាលីធំ ពីលើរថយន្តទំលាក់ចុះទៅមាត់ជ្រោះ(គាត់ឈប់ម៉ូតូមើលពីខាងត្បូងម្ខាងថ្នល់)រួចបុរសនោះបានបើករថយន្តទៅទិសខាងលិចបាត់សម្រោល។
បុរសជាសាក្សីនោះបានបន្តថាគាត់សង្ស័យក៍បានចុះទៅមើលវ៉ាលីនោះហើយបានឃើញថង់ខ្មៅឃើញជើងមនុស្សភ្លាមនោះ គាត់បានទៅប្រាប់អ្នកភូមិនៅក្បែរនោះហើយបានរាយការណ៍ជូនទៅសមត្តកិច្ចមូលដ្ឋានតែម្តង។
មន្ត្រីជំនាញនិងក្រុមគ្រូពេទ្យខេត្តកំពង់ស្ពឺបានទៅពិនិត្យ ឃើញថាសាកសពជាមនុស្សប្រុសអាយុប្រមាណជាង ៤០ឆ្នាំមិនស្គាល់អត្តសញ្ញាណសម្បុរសទំនងជាជនជាតិចិនកាត់សក់ខ្លីពាក់អាវយឺត ស ដៃវែងខោប្រផេះជើងវែង។
នៅលើសាកសពមានស្លាកស្នាមលើក្បាលពីក្រោយបែកជាច្រើនកន្លែងនិងមានស្នាមរយះក្រោមចង្កាសងខាង ។
ករណីឃាតកម្មគិតទុកជាមុនហើយសពបានយកទៅដំកល់ នៅវត្តទឹកថ្លានិងប្រគល់ជូនទៅសមត្ថកិច្ចជំនាញនៃនាយកដ្ឋានបច្ចេកទេសគ្រប់គ្រងតាមនីតិវិធី៕


