ព្រះសីហនុ: មន្ត្រីយោធាពាក់ស័ក្ដិ៤ម្នាក់បានដកកាំភ្លើងខ្លីបាញ់បង្អើលឡើងលើ២គ្រាប់ក្រោយពីបានឈ្លោះគ្នាជាមួយស្រីក្មេងខណះដែលបានបាញ់រួចប្រញាប់បើកឡានរត់ចេញទៅ(បិទសាប៊ូគូទ)បន្សល់ទុកសំបកកាទុស្ស២គ្រាប់នៅក្នុងរោងបុណ្យហេតុការណ៍នេះបានកើតឡើងវេលាម៉ោង២១:៣០នាទីយប់ថ្ងៃទី២៨ខែកញ្ញាឆ្នាំ២០២០នៅចំណុចមុខផ្ទះធ្វើបុណ្យ០៧ថ្ងៃស្ថិតក្នុងភូមិព្រៃនប់២ឃុំព្រៃនប់ស្រុកព្រៃនប់ខេត្តព្រះសីហនុគឺមិនត្រឹមតែផ្អើលដល់ភ្ញៀវមកចូលបុណ្យសពនោះទេថែមទាំងផ្អើលដល់ម្ចាស់ដើមទានប្រធានដើមបុណ្យទៀតផង។
លោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ បានឲ្យដឹងថានៅទីតាំងខាងលើនាយប់កើតហេតុនោះពិតជាមានករណីបាញ់គំរាមប្រាកដមែនបុរសសង្ស័យត្រូវបានគេស្គាល់ឈ្មោះ ភិន សៅសាយ័ណ្ហ ជាមន្ត្រីយោធាពាក់ស័ក្ដិ៤មានទីលំនៅរាជធានីភ្នំពេញបានប្រើអាវុធខ្លី(មិនស្គាល់ម៉ាក)បាញ់ឡើងលើ២គ្រាប់ដើម្បីគំរាមស្រីក្មេងម្នាក់ឈ្មោះ ចៅ វន្នី អាយុ២៥ឆ្នាំមានទីលំនៅកន្លែងកើតហេតុខាងលើ។
ហេីយភ្លាមៗជនដៃដល់បានបើករថយន្តម៉ាកវីហ្គោ ពណ៌.ស ពាក់ផ្លាកលេខ ( រដ្ឋ ) រត់គេចខ្លួនបាត់។
តាមប្រភពពីកន្លែងកេីតហេតុដោយសារតែមូលហេតុដែលធ្វើឱ្យមន្ត្រីយោធាបាញ់គំរាមនោះគេនៅពុំទាន់ដឹងជាក់លាក់នៅឡើយទេគ្រាន់តែដឹងថាពួកគេបានឈ្លោះគ្នា។
ទោះបីជាយ៉ាងណាសមត្ថកិច្ចបានស្គាល់អត្តសញ្ញាណជនបង្កហើយនិងកំពុងអនុវត្តនីតិវិធីតាមផ្លូវច្បាប់។



