ប្រទេសស្វីស: ក្នុងកាលៈទេសៈដែលកំពុងកើតមានរលកកម្តៅអាកាសធាតុកាន់តែក្តៅនៅជុំវិញពិភពលោកភ្លើងឆេះព្រៃភ្លៀងផ្គរភាពរាំងស្ងួតនិងព្យុះកំណាចជាច្រើនដែលកំពុងកើតមានឡើងនោះទីភ្នាក់ងារអាកាសធាតុរបស់អង្គការសហប្រជាជាតិព្រមានថាចំនួនមនុស្សដែលត្រូវការជំនួយមនុស្សធម៌អន្តរជាតិអាចកើនឡើង៥០%ត្រឹមឆ្នាំ២០៣០បើប្រៀបធៀបនឹងចំនួនមនុស្សប្រមាណ១៨០លាននាក់ដែលត្រូវការជំនួយនេះក្នុងឆ្នាំ២០១៨នោះ។
ក្នុងរបាយការណ៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទីភ្នាក់ងារឧតុនិយមរបស់អ.ស.ប.លើកឡើងថាគ្រោះមហន្តរាយកាន់តែច្រើន ទាក់ទងនឹងអាកាធាតុនោះកើតមានឡើងជារៀងរាល់ឆ្នាំ។
របាយការណ៍នោះក៏បានបង្ហាញផងដែរថាមានគ្រោះមហន្តរាយជាង១១.០០០ករណី ពាក់ព័ន្ធនឹងអាកាសធាតុការប្រែប្រួលបរិយាកាសនិងបាតុភូតផ្សេងៗដូចជារលកយក្សស៊ូណាមីជាដើមបានកើតមានឡើងក្នុងរយៈពេល៥០ឆ្នាំកន្លងមកដែលបានបណ្តាលឲ្យមនុស្សប្រមាណ២លាននាក់បានស្លាប់និងធ្វើឲ្យខាតបង់សេដ្ឋកិច្ចក្នុងទឹកប្រាក់ចំនួន៣,៦លានលានដុល្លារផងដែរ។
លោក Petteri Taalas អគ្គនាយកអង្គការឧតុនិយមពិភពលោកបានលើកឡើងថា«ខណៈពេលដែលជំងឺកូវីដ១៩បានបង្កើតឲ្យមានវិបត្តិសេដ្ឋកិច្ចនិងសុខភាពអន្តរជាតិក្នុងកម្រិតមួយដ៏ធំហើយត្រូវប្រើពេលវេលារាប់ឆ្នាំដើម្បីស្តារឡើងវិញនោះវាជាការសំខាន់ណាស់ដែលត្រូវចាំថាបញ្ហបម្រែបម្រួលអាកាសធាតុជាការគំរាមកំហែងនាពេលបច្ចុប្បន្ននិងបន្តកើតមាននៅពេលខាងមុខទៅលើជីវិតមនុស្សប្រព័ន្ធអេកូឡូស៊ី សេដ្ឋកិច្ចនិងសង្គមក្នុងពេលរាប់សតវត្សទៅមុខទៀត។
អង្គការឧតុនិយមពិភពលោកក៏បានបញ្ជាក់ផងដែរថារដ្ឋាភិបាលនានាគួរធ្វើការងារបន្ថែមទៀតដើម្បីត្រៀមខ្លួនចំពោះគ្រោះមហន្តរាយទាំងនេះ៕






