ស្ទឹងត្រែង: កម្លាំងយោធាចុះបង្ក្រាបបានគ្រឿងញៀនជាង៤០កញ្ចប់ក្នុងទម្ងន់ប្រមាណជាង២០គីឡូក្រាមនៅគ្រាបើកការយាមល្បាតដើម្បីពង្រឹងសន្តិសុខនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ។
គ្រឿងញៀនជាង៤០កញ្ចប់ត្រូវបានក្រុមឧក្រិដ្ឋជននាំឆ្លងដែនពីប្រទេសជិតខាងចូលមកខេត្តស្ទឹងត្រែងប្រទេសកម្ពុជា នាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី២៣ខែតុលាឆ្នាំ២០២០នេះនៅលើកំណាត់ផ្លូវ១ខ្សែក្នុងតំបន់ព្រំដែនចន្លោះបង្គោលឡាក់លេខ០៣៤-០៣៥ស្ថិតក្នុងភូមិសាស្ត្រស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែង។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹងស្ទឹងត្រែងលោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន បានផ្តាំផ្ញើដល់នាយទាហាននិងពលទាហានទាំងអស់ត្រូវខិតខំពង្រឹងកិច្ចទំនាក់ទំនងជាមួយកម្លាំងទាំងអស់នៅតាមព្រំដែនមានកម្លាំងនគរបាលកម្លាំងកងរាជអាវុធហត្ថ។
ឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន ក៏បានឲ្យកម្លាំងនៃស្ថាប័នជាច្រើនទៀតត្រូវបន្តសហការគ្នាដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់និងសុវត្ថិភាពព្រំដែនឲ្យបានល្អថែមទៀតព្រោះបញ្ហាគ្រឿងញៀនគឺជាមុខសញ្ញាមួយយ៉ាងសំខាន់ដែលក្រុមឧក្រិដ្ឋជនតែងនាំចូលមកក្នុងប្រទេសកម្ពុជា៕



