កែប: កម្លាំងសមត្ថកិច្ចផែននគរបាលព្រហ្មទណ្ទខេត្តតាកែវសហការជាមួយផែនសន្តិសុខនិងកម្លាំងអធិការដ្ឋាននគរបាលក្រុងកែបនារសៀលថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០២០បានចុះស្រាវជ្រាវស៊ើបអង្កេតនិងឈានដល់ការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធករណីឆាតតាមហ្វេសប៊ុកគំរាមទារប្រាក់៣០០ដុល្លារអាមេរិក។
ជនសង្សយ័ឈ្មោះ អ៊ុង ចន្ថា ភេទប្រុសអាយុ៣៨ឆ្នាំរស់នៅភូមិអូរក្រសាសង្កាត់កែបក្រុងកែបខេត្តកែប។
សេចក្តីរាយការណ៍បន្តថាកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១ ខែវិច្ឆិកាឆ្នាំ២០២០តាបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឆេង ស៊ូ (ម្ចាស់អាខោនឈ្មោះម៉ាក់នីតា) ភេទស្រីអាយុ៣៦ឆ្នាំ មុខរបរកសិកររស់នៅភូមិដំណាក់ចំបក់សង្កាត់អូរក្រសាក្រុងកែបបានប្តឹងជនសង្ស័យឈ្មោះ អ៊ុង ចន្ថា ដែលប្រើអាខោនហ្វេសប៊ុកឈ្មោះ (លឹម រតនា)ថា បានធ្វើសកម្មភាពឆាតមកគំរាមហែកកេរ្តិ៍និងកំហែងទារប្រាក់ចំនួន៣០០ដុល្លារអាមេរិក។
ពាក្យបណ្តឹងបន្តថាជនសង្ស័យបានគំរាមជនរងគ្រោះឲ្យវេលុយតាមប្រពន្ធ័វីងចំនួន២លើករួមមាន ៖ លើកទី១.នៅថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១០ព្រឹកចំនួន៥០ដុល្លារអាមេរិក។
លើកទី២.នៅថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង១០ព្រឹក ចំនួន២៥០ដុល្លារអាមេរិកទាំងពីរលើកនេះជនសង្ស័យបានទៅបើកយកលុយពីជនរងគ្រោះផ្ញើឲ្យនៅកន្លែងវីងវេលុយផ្ទះឈ្មោះ ទេព សារឿន ស្ថិតនៅភូមិកែបសង្កាត់កែបក្រុងកែបខេត្តកែប។
លុះដល់រសៀលថ្ងៃដដែលសមត្ថកិច្ចនគរបាលបានដាក់កម្លាំងតាមចាំឃ្លាំមើលឃើញជនសង្ស័យទៅដល់ទីតាំងខាងលើក៏បានធ្វើការចាប់ខ្លួននាំតាមការណែនាំពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកំពតនិងក្រោមការដឹកនាំបញ្ជាដោយលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកែប។
បន្ទាប់ពីសាកសួរជនសង្ស័យបានឆ្លើយសារភាពថារូបគេពិតជាបានប្រើប្រាស់អាខោនហ្វេសប៊ុកឈ្មោះ លឹម រតនា លេងឆាតទៅអាខោនហ្វេសប៊ុកឈ្មោះម៉ាក់ នីតា គំរាមហែកកេរ្តិ៍និងកំហែងទាយកប្រាក់ចំនួន២លើកសរុប៣០០ដុល្លាអាមេរិកប្រាកដមែន។
ករណីខាងលើនេះបើតាមការឆែកមើលក្នុងអាខោនហ្វេសប៊ុកជនសង្ស័យទាក់ទងមកជនរងគ្រោះពិតជាមានខ្លឹមសារបទល្មើសជ្រាលជ្រៅរួមជាមួយការគំរាមកំហែងឲ្យជនរងគ្រោះស្បថមិនឲ្យប្តឹងសមត្ថកិច្ចរហូតជនរងគ្រោះសុខចិត្តធ្វើតាមការបង្គាប់បញ្ជារបស់ជនសង្យយគ្រប់បែបយ៉ាង។
ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕








