បន្ទាយមានជ័យ: សាច់មាន់ចម្រុះខូចគុណភាពប្រមាណជាង ៣៥០គីទ្បូក្រាមដែលក្រុមឈ្មួញបានលួចដឹកប្រទេសថៃចូលមកកម្ពុជាតាមច្រករបៀងអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យត្រូវបានមន្ត្រីជំនាញប្រមូលយកមកធ្វេីកាដុតបំផ្លាញចោល។
ការដុតបំផ្លាញសាច់មាន់ខូចគុណភាពនេះធ្វើឡើងកាលពី ថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២០ក្រោមការដឹកនាំដោយលោក សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែងនិងបង្រ្កាបការក្លែងបន្លំខេត្តបន្ទាយមានជ័យហៅកាត់( ក.ប.ប។
ប្រភពពីមន្រ្តីជំនាញបានឲ្យដឹងថាដោយមានកាស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ទើបកម្លាំង ក.ប.ប ខេត្តបន្ទាយមានជ័យចុះឃាត់សាច់មាន់ខូចគុណភាពទាំងនេះដែលឈ្មួញលួចនាំចូលតាមច្រករបៀងអូរបីជាន់ដឹកឆ្ពោះមកលក់ចែកចាយនៅទីផ្សាក្រុងប៉ោយប៉ែតនិងតាមបណ្តាខេត្តក្រុងផ្សេងៗ ។
ករណីនេះត្រូវបានកម្លាំងជំនាញនៃសាខា ក.ប.ប. ខេត្ត ដែលចុះប្រតិបត្តិការត្រួតពិនិត្យបង្ក្រាបបានហើយនាំយកមករក្សាទុកនៅស្នាក់ការសាខា ក.ប.ប. ខេត្ត ដើម្បីចាត់ចែងតាមនីតិវិធីច្បាប់។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយមានការណែនាំពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអនុញ្ញាតឱ្យម្ចាស់រ៉ឺម៉កវិលត្រឡប់ទៅផ្ទះវិញរីឯផលិតផលសាច់មាន់ខូចគុណភាពប្រមាណ ៣៥០គីឡូក្រាមត្រូវដុតបំផ្លាញចោលតាមនីតិវិធីនៅនឹងកន្លែង ៕

