បាត់ដំបង: បន្ទាប់ពីបានចែកពូជស្រូវជាង១ពាន់តោនដល់ជនរងគ្រោះដោយគ្រោះទឹកជំនន់ជាង១ម៉ឺនគ្រួសាររួចមកកាលពីថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០២០លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានចុះប្រគល់ផ្ទះថ្មីចំនួន០៨ខ្នងបន្ថែមទៀតជូនដល់គ្រួសារអតីតយុទ្ធជន៨គ្រួសារដែលមានជីវភាពខ្វះខាតស្ថិតនៅភូមិបាណង់ឃុំស្តៅស្រុករតនៈមណ្ឌលខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរលោកទេសរដ្ឋមន្ត្រី គន់ គីម បានពាំនាំនូវប្រសាសន៍សាកសួរសុខទុក្ខនិងការនឹករលឹកពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ប្រធានសមាគមអតីតយុទ្ធជនកម្ពុជានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រគល់ជូនដល់គ្រួសារអតីតយុទ្ធជនដែលជានិច្ចកាលសម្តេចទាំងពីរលោកតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខអតីតយុទ្ធជនដោយបានឧបត្ថម្ភគាំពារដល់គ្រួសារអតីតយុទ្ធជនជាបន្តបន្ទាប់។
ជាមួយគ្នានេះដែរដើម្បីដោះស្រាយការលំបាករបស់អតីតយុទ្ធជនសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចសម្រាប់សាងសង់លំនៅឋាននិងបង្កបង្កើនផលព្រមទាំងបានផ្តល់នូវថវិកាឧបត្ថម្ភផ្សេងៗទៀត។
ឯកឧត្ដមទេសរដ្ឋមន្ត្រីក៏បានផ្តាំផ្ញើអាជ្ញាធរមូលដ្ឋានជាពិសេសត្រូវយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដោយឧស្សាហ៍ចុះជួបផ្ទាល់និងអន្តរាគមន៍ដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា៕






