កំពង់ឆ្នាំង: ក្រោយពីរិតអូសបានកាលពីយប់នៅព្រឹកថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០នេះដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងសមត្ថកិច្ចចម្រុះរួមមានកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថស្រុកនិងមន្ត្រីផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចបានស្ទាក់ចាប់បានរថយន្តយីឌុប ភ្លៅ៥មួយគ្រឿងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០នៅតាមបណ្តោយផ្លូវជាតិលេខ៥ត្រង់ចំណុចភូមិតាអកឃុំពានីស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង ខណៈដែលរថយន្តធន់ធ្ងន់ខាងលើដឹកឈើអារចម្រុះបង្កប់លាក់ក្នុងគំនរឈើផ្ទះចាស់ធ្វើចរាចរលើផ្លូវជាតិដោយគ្មានច្បាប់អនុញាត្តិ ។
លោក ឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានបញ្ជាក់ឲ្យដឹងថាតាមការពិតឈើមួយរថយន្ត ហ៊ីណូ ពណ៌ខៀវពាក់ស្លាកលេខ:ព្រៃវែង 3A.02 87 ដែលសមត្ថកិច្ចចម្រុះសហការគ្នាចាប់នេះបានគឺបានយកលេសសុំច្បាប់ដឹកឈើផ្ទះចាស់ ។
ប៉ុន្តែការពិតពេលដឹកគឺបានបង្កប់ឈើថ្មីចម្រុះពីខាងក្នុង ដោយដាក់ឈើផ្ទះចាស់ពីខាងក្រៅដែលដឹកចេញពីភូមិដីក្រហមឃុំអន្លង់រាបស្រុកវាលវែងខេត្តពោធិ៍សាត់ឆ្ពោះទៅកាន់ខេត្តកំពង់ស្ពឺ ។
នៅពេលសមត្ថកិច្ចចាប់ឃាត់ក្រុមអ្នកដឹកឈើប្រាប់ថាជាឈើផ្ទះចាស់លុះពេលសមត្ថកិច្ចត្រូតពិនិត្យឃើញសុទ្ឋតែឈើអារក្តានិងឈើគ្រឿងថ្មីៗហើយឈើខ្លះទៀតមានមុខកាត់ធំៗជាឈើមានតម្លៃ ។
ក្នុងពេលនោះដែរក្រុមអ្នកដឹកឈើទាំងនោះក៏នាំគ្នាគេចខ្លួនអស់មិនឃើញមាននរណាម្នាក់មកទទួលខុសត្រូវឡើយ ។
លោក ឯម វិចិត្រ បានបញ្ជាក់ឲ្យដឹងទៀតថានៅព្រឹកថ្ងៃទី
១៩ខែវិច្ឆិកានេះរថយន្តដឹកឈើល្មើសច្បាប់ទាំងនោះបានយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាចហើយនិងកំពុងទម្លាក់មកដីដើម្បីធ្វើការវាស់វែង។
ប៉ុន្តែមិនទាន់ដឹងចំនួនឈើប៉ុន្មានទេព្រោះឈើច្រើនពេក វាស់មិនទាន់ហើយតែតាមការសន្និដ្ឋានរបស់សមត្ថកិច្ចថាឈើខាងលើនោះអាចជិត២០ម៉ែត្រគូប ។
លោកឯម វិចិត្រ នាយផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានបញ្ជាក់ពីនិតិវិធីបន្តថាក្រោយពេលធ្វើការវាស់វែងចប់សព្វគ្រប់មន្ត្រីជំនាញនឹងស្រាវជ្រាវរកម្ចាស់ឈើពិតប្រាកដដើម្បីធ្វើសេចក្តីជូនដំណឹងឱ្យចូលខ្លួនមកបង់ផាកពិន័យតាមផ្លូវច្បាប់ស្តីពីការដឹកជញ្ជូនផលអនុផលព្រៃឈើដែលនឹងត្រូវទុករយៈពេល៣០ថ្ងៃបើរកម្ចាស់មិនឃើញឬម្ចាស់មិនចូលខ្លួនមកដោះស្រាយទេនោះមន្ត្រីជំនាញនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធីដល់ពេលនោះ រថយន្តក៍ត្រូវបានរឹបអូសទុកជាសម្បត្តិរដ្ឋផងដែរ ។
នេះសូមបញ្ជាក់ផងដែរថាករណីបង្ក្រាបរថយន្តយីឌុបភ្លៅ៥ ដឹកឈើផ្ទះចាស់បង្កប់ឈើថ្មីចម្រុះជាច្រើនម៉ែត្រគីមខាងលើនេះជាលើកទី១ហើយនៅក្នុងឆ្នាំនេះ៕




