ភ្នំពេញៈ មេបញ្ជាការកងរាជអាវុធហត្ថស្រុកសេសានខេត្តស្ទឹងត្រែងត្រូវបានអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានសម្រេចព្យួរមុខតំណែងដើម្បីទុកឱ្យសមត្ថកិច្ចតុលាការចាត់វិធានការតាមនីតិវិធីច្បាប់ក្រោយពីមន្ត្រីរូបនេះ បានបង្កជម្លោះជាមួយប្រជាពលរដ្ឋបណ្ដាលឲ្យពិការភាព។
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទបានចេញលិខិតសេចក្តីសម្រេចស្តីពីការព្យួរមុខតំណែងយោធិននៃកងយោធពលខេមរភូមិន្ទចុះហត្ថលេខាថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ ២០២០ដោយនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសម្រេចព្យួរមុខតំណែងវរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ០៣២៣៣០ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកសេសានបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដើម្បីទុកជូនសមត្ថកិច្ចតុលាការចាត់ការតាមនីតិវិធី ។
ករណីព្យួរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថស្រុក ខាងលើនេះបន្ទាប់ពីមន្ត្រីរូបនេះបានមានជម្លោះវាយទៅលើបុរសម្នាក់បណ្ដាលឱ្យពិការភ្នែកនៅចំណុចសួនច្បារក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងកាលពីពេលកន្លងទៅថ្មីៗនេះ៕


