ព្រៃវែង: ក្រុមឈ្មួញរកស៊ីដឹកស្រូវយកលក់ទៅប្រទេសវៀតណាមសុំមិនបញ្ចេញឈ្មោះដោយពួកគេត្រូវបង់ប្រាក់ជូនមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិចក្រីត្រូវបង់ចំនួន២៥.០០០រៀលខណៈមួយថ្ងៃៗឡានមានចំនួនរាប់រយឡានឯណោះ ។
តាមរយៈរូបភាពដែលក្រុមឈ្មួញបានផ្តល់បង្ហាញថាឡានដឹកស្រូវជាច្រើនរយឡាននិងឡានដឹកទំនិញផ្សេងៗទៀត ដែលត្រូវលក់ផលិតផលកសិផលទៅប្រទេសវៀតណាម នោះត្រូវបង់ប្រាក់ជូនមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិចក្រី ទើបអាចឆ្លងទៅលក់នៅប្រទេសវៀតណាមបាន ។
ក្រុមឈ្មួញដដែលបន្តថាក្នុងមួយឡានៗត្រូវបង់ប្រាក់២៥.០០០រៀល ជូនមន្ត្រីទាំងនោះ ។
ចុះក្នុងមួយថ្ងៃៗរាប់រយឡានឯណោះតើប្រាក់ទាំងនេះត្រូវចូលហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ ចក្រី ប៉ុន្មានទៅ ? ពោលគឺ អាចរាប់ពាន់ដុល្លារក្នុងមួយថ្ងៃៗ ។
លុយទាំងនេះត្រូវបានក្រុមឈ្មួញរកស៊ីដឹកស្រូវអះអាងថា មិនបានចូលជាថវិកាជាតិអ្វីទេ ពោលគឺ ចូលក្នុងហោប៉ាវមន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិ ចក្រី តែម្តង ។
ក្រុមឈ្មួញរកស៊ីដឹកស្រូវទាំងនេះសំណូមពរអោយថ្នាក់លើ មេត្តាជួយពិនិត្យបញ្ហានេះផងដើម្បីសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋស្របពេលកម្ពុជាកំពុងជួបបញ្ហាជំងឺកូវីដ-១៩ ៕





