កំពង់ឆ្នាំង៖ លោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងដែលជាអ្នកដឹកនាំការបង្ក្រាបនេះដោយមានការសម្របសម្រួលពីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានឱ្យដឹងថាជនសង្ស័យដែលសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួនមានឈ្មោះ អេង ណារ៉ុង ភេទប្រុសអាយុ៤៣ឆ្នាំមានមុខរបរជាចាងហ្វាងសារព័ត៌មានគេហទំព័រ អឹមអេសអឹម (MSM) មានលំនៅ នៅក្នុងភូមិអូរសណ្តាន់ឃុំទឹកហូតស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង។
ទន្ទឹមនឹងនេះសមត្ថកិច្ចបានដកហូតរថយន្តម៉ាក Lexus RX300 ពាក់ស្លាកលេខព្រះសីហនុ 2A6300 ពណ៌សូកូឡាទូរស័ព្ទដៃ២គ្រឿងម៉ាកOPPOកាតសម្គាល់ខ្លួនអ្នកសារព័ត៌មានមួយសន្លឹក។
នៅថ្ងៃទី២៣ខែធ្នូឆ្នាំ២០២០កងរាជអាវុធហត្ថខេត្តបានឃាត់ខ្លួនចាងហ្វាងគេហទំព័រ អឹមអេសអឹម (MSM) នៅតាមផ្លូវជាតិលេខ៥ខាងមុខផ្សារទួលក្រឡាញ់ស្ថិតក្នុងភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំងក្រុងកំពង់ឆ្នាំងពាក់ព័ន្ធនឹងករណី ដើរកេណ្ឌប្រជាពលរដ្ឋឲ្យទៅចាប់យកដីមានប្លង់ស្របច្បាប់របស់គេ ។
ករណីឃាត់ខ្លួនជនសង្ស័យនេះពាក់ព័ន្ធពីបទញុះញង់អោយប្រព្រឹត្តបទឧុក្រិដ្ឋជាអាទិ៍និងកំហែងយកនិងគំរាមថានឹងសម្លាប់កាលពីថ្ងៃទី១៩ខែធ្នូឆ្នាំ២០២០កន្លងទៅនៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំស្គារស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងលោក អ៊ិត សុធា បានឲ្យដឹងតាមទូរស័ព្ទនៅវេលាម៉ោងជិត១១ថ្ងៃទី២៤ធ្នូនេះថាឃាត់ខ្លួនចាងហ្វាងសារព័ត៌មានរូបនេះពាក់ព័ន្ធនឹងការញុះញង់ប្រជាពលរដ្ឋអោយចូលកាន់កាប់ដីគេដែលមានប្លង់ត្រឹមត្រូវនិងជំរិតទារប្រាក់ ពីប្រជាពលរដ្ឋនិងមិនមានចុះបញ្ជីការ នៅមន្ទីសារព័ត៌មានក្នុងខេត្តនោះឡើយ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយលោក បានបញ្ជូនទៅឱ្យចៅក្រមស៊ើបសួរដើម្បីអនុវត្តបន្តតាមនីតិវិធី ៕


