ភ្នំពេញ៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតនៅរសៀលថ្ងៃទី២៦ខែធ្នូឆ្នាំ២០២០បានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី២៥ខែធ្នូឆ្នាំ២០២០ក្រុមគ្រូពេទ្យផ្នែកវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានធ្វើការវះកាត់លើអ្នកជំងឺកំពុងធ្វើចត្តាឡីស័កមា្នក់ទើបត្រឡប់មកពីប្រទេសកូរ៉េដែលមានអាប់សែខ្នែងពោះ (Abcés appendiculaire)ដោយជោគជ័យនិងសុវត្ថិភាព នេះបើយោងតាមរយៈPageផ្លូវការរបស់មន្ទីពេទ្យ។
ដោយអ្នកជំងឺកំពុងស្ថិតនៅក្នុងពេលចត្តាឡីស័កដូចនេដើម្បីបង្ការនិងការពារការឆ្លងវីរុសកូវីដ-១៩ក្រុមគ្រូពេទ្យវះកាត់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបានធ្វើការរៀបចំបន្ទប់ និងសម្ភារបរិក្ខារសម្រាប់វះកាត់យ៉ាងយកចិត្តទុកដាក់ដើម្បីការពារសុវត្ថិភាពក្រុមគ្រូពេទ្យវះកាត់ត្រូវស្លៀកសំលៀកបំពាក់វះកាត់ផងនិងសំលៀកបំពាក់ការពារវីរុសកូវីដ-១៩ ផងដែរ ។
ក្រោយពីធ្វើការវះកាត់អស់រយៈពេលហែល១ម៉ោងយើងបានទទួលជោគជ័យជាស្ថាពរដោយសុវត្ថិភាពទាំងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។
តាងនាមឲ្យថ្នាក់ដឹកនាំនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រុមគ្រូពេទ្យទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់ពីកំលាំងកាយចិត្តក្នុងការព្យាបាលអ្នកជំងឺប្រកបដោយការយកចិត្តទុកដាក់ និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ។
សូមបងប្អូនប្រជាពលរដ្ឋបង្កើនការយកចិត្តទុកដាក់និងប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារបង្ការការឆ្លងជំងឺ Covid-19 នេះសូមអរគុណ៕
