ភ្នំពេញ៖ ជំនាញបង្កើតគណនី Facebook ក្លែងក្លាយប្រើប្រាស់រូបភាពនារីស្អាតៗហើយឆាតលួងលោមបុរសៗដើម្បីបានវីដេអូនិងរូបភាពអាក្រាតកាយរួចគំរាមបង្ហោះចែកចាយជាសាធារណៈប្រសិនបើជនរងគ្រោះមិនផ្ដល់លុយតាមអ្វីដែលគេទាមទារនោះត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនបាននៅរសៀលថ្ងៃទី២៨ខែធ្នូឆ្នាំ២០២០នេះស្ថិតក្នុងភូមិទួលរកា១សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិនិងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
ការចាប់ខ្លួននេះគឺដឹកនាំផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនិងលោកវរសេនីយ៍ឯក ហែម បូណា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញចាប់ខ្លួនបានឈ្មោះ ម៉ាក់ ហាក់ចិត្រា អាយុ២៣ឆ្នាំមានស្រុកកំណើតនៅភូមិផ្សារថ្មីឃុំ១៣មករាក្រុងបាត់ដំបងខេត្តបាត់ដំបង។
ការចាប់ខ្លួននេះនៅពេលដែលជនសង្ស័យកំពុងធ្វើដំណើរទៅដកប្រាក់ក្រោយគំរាមទារបានសម្រេចពីបុរសជនរងគ្រោះម្នាក់ដែលមានទីលំនៅក្នុងខណ្ឌទួលគោក។
ក្រោយចាប់ខ្លួនកម្លាំងជំនាញបានរកឃើញថាក្នុងទូរស័ព្ទរបស់ជនសង្ស័យមានសុទ្ធតែរូបភាពនិងវីដេអូអាក្រាតរបស់បុរសៗជាច្រើនដែលសុទ្ធតែអ្នកចាញ់បោកជនដៃដល់តាមរយៈការលួងលោមនិងផ្ញើរូបភាពក៏ដូចជាវីដេអូរបស់នារីស្អាតដើម្បីឲ្យជនរងគ្រោះទន់ចិត្តហើយធ្វើអ្វីតាមការប្រាប់របស់ជនសង្ស័យ។
តាមរយៈបទល្មើសលើកនេះនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្ដាញសង្គមFacebook ទាំងអស់ត្រូវបង្កើនការប្រុងប្រយ័ត្នជៀសវាងបាញ់បោកជនខិលខូចដែលប្រើប្រាស់រូបភាពបែបនេះឬស្រដៀងករណីនេះព្រោះករណីនេះមិនមែនទើបតែកើតមាននោះទេ៕
បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញបានកសាងសំណុំរឿងដើម្បីចាត់ការបន្ដតាមនីតិវិធី។
