ផ្លូវមួយខ្សែពីប្រទេសថៃសង់តភ្ជាប់មកច្រកថ្មដាស្រុកវាល​វែងខេត្តពោធិ៍សាត់រួចរាល់ជាស្ថាពរហើយក្នុងការតភ្ជាប់ផ្លូវ​នេះធ្វើឱ្យស្រុកវាលវែងមានសក្តានុពលសេដ្ឋកិច្ចកាន់តែខ្ពស់

ផ្លូវមួយខ្សែពីប្រទេសថៃសង់តភ្ជាប់មកច្រកថ្មដាស្រុកវាល​វែងខេត្តពោធិ៍សាត់រួចរាល់ជាស្ថាពរហើយក្នុងការតភ្ជាប់ផ្លូវ​នេះធ្វើឱ្យស្រុកវាលវែងមានសក្តានុពលសេដ្ឋកិច្ចកាន់តែខ្ពស់

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ពោធិ៍សាត់​:​ រដ្ឋាភិបាលថៃបានសាងសង់កំណាត់ផ្លូវមួយខ្សែបានតភ្ជាប់ពីភូមិថាសេនឃុំឡែមកាត់ស្រុមមឿងខេត្តត្រាត​មកកាន់ច្រកព្រំដែនថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់របស់កម្ពុជារួចរាល់ហើយ។

ការតភ្ជាប់ផ្លូវមួយខ្សែនេះឡើងជាការបង្កើតច្រកសេដ្ឋកិច្ចថ្មីមួយទៀតរវាងកម្ពុជានិងប្រទេសថៃជាពិសេសធ្វើឱ្យស្រុកវាលវែងខេត្តពោធិ៍សាត់មានសក្តានុពេលសេដ្ឋកិច្ចថែមមួយកម្រិតទៀត។

Sponsor

កំណាត់ផ្លូវនេះត្រូវបានសាងសង់ឡើងដោយក្រាលកៅស៊ូ ប្រភេទ AC មានទឹង១៤ម៉ែត្រប្រវែងជិត២គីឡូម៉ែត្រចែក​ចេញជា៤គន្លង។

ការសម្រេចសាងសង់កំណាត់ផ្លូវនេះបន្ទាប់ពីសភាថៃបានអនុម័តនិងបន្ទាប់ពីលោកឆ័ត្រប្រឆៃផនម៉នឡឺដរដ្ឋលេខា​ធិការក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រថៃបានចារឯក​ភាពតាមសំណើរបស់អភិបាលខេត្តត្រាត កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៩កន្លងទៅពាក់ព័ន្ធការពន្លឿនបើកច្រកព្រំ​ដែនអន្តរជាតិនេះ។

ការតភ្ជាប់កំណាត់ផ្លូវមួយខ្សែនេះគឺជាការចង់ឃើញរបស់រាជរដ្ឋាភិបាលកម្ពុជាក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ផ្ទាល់តែម្តងដើម្បីបង្កើតនូវចរន្តសេដ្ឋកិច្ចថ្មីមួយទៀតរវាងប្រទេសថៃ និងប្រទេសកម្ពុជា។

ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់តែងបានជួបពិភាក្សាជាញឹកញាប់ជាមួយភាគីថៃដើម្បីជជែកពីការតភ្ជាប់សេដ្ឋកិច្ចរវាងខេត្តពោធិ៍សាត់និងខេត្តត្រាតតាមរយៈច្រកព្រំដែនថ្មដានេះ។

ស្រុកវាលវែងខេត្តពោធិ៍សាត់ដែលជាតំបន់ដាច់ស្រយាល​មួយពីអតីតកាលនោះបាននឹងកំពុងក្លាយទៅជាតំបន់មានសក្តានុពលខ្ពស់លើវិស័យទេសចរណ៍និងកសិកម្មបន្ទាប់ពីផ្លូវមួយខ្សែនេះគឺផ្លូវជាតិលេខ៥៥ត្រូវបានសាងសង់រួចរាល់ និងដាក់សម្ពោធឱ្យប្រើប្រាស់កាលពីឆ្នាំ២០២០កន្លងទៅ។

ស្រុកវាលវែងខេត្តពោធិ៍សាត់ជាកន្លែងទេសចរណ៍ដែល​មានទឹកជ្រោះនិងជួរភ្នំខណៈស្រុកមឿងខេត្តត្រាតប្រទេសថៃជាតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ។

ការតភ្ជាប់ផ្លូវធ្វើដំណើរកាន់តែងាយស្រួលរវាងខេត្តពោធិ៍សាត់របស់កម្ពុជានិងខេត្តត្រាតរបស់ថៃតាមច្រកថ្មដានឹងទាក់ទាញកាន់តែខ្លាំងលើវិស័យទេសចរណ៍រវាងខេត្តទាំង​ពីរ។

បច្ចុប្បន្ននេះនៅច្រកថ្មដានេះនៅខាងទឹកដីកម្ពុជាមានការវិនិ​យោគអភិវឌ្ឍលំនៅឋានសណ្ឋាគារនិងកន្លែងលំហែកាយជាច្រើន។

ក្រៅតែពីវិស័យទេសចរណ៍ការតភ្ជាប់ខេត្តទាំងពីរតាមរយៈ​ច្រកថ្មដានឹងបង្កភាពងាយស្រួលក្នុងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំងពីរផង។