បាត់ដំបង: ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣ខែមេសាឆ្នាំ២០២១ត្រង់ចំណុចក្បែរស្ពាននាគស្ថិតក្នុងភូមិបោះពោធិ៍ឃុំអូរដំបង១ស្រុកសង្កែខេត្តបាត់ដំបង។
ស្ត្រីវ័យ៣០ឆ្នាំម្នាក់បានដួលស្លាប់បោកទៅនឹងជញ្ជាំងស័ង្កសី យ៉ាងអាណោចអាធ័មក្រោយពីបានដើរជាន់ទៅលើខ្សែភ្លើង ដែលប្តីទុរយសបានដាក់ពង្រាយនៅក្នុងផ្ទះដើម្បីអោយឆក់យកជីវិតភរិយាដោយសារតែភ្លើងប្រច័ណ្ឌដោយបន្សល់នូវកូនស្រីកំព្រាចំនួន២នាក់។
បុរសជាប្តីដែលជាជនបង្កមានឈ្មោះ ពេជ្រ ធារ៉េត អាយុ ៣១ឆ្នាំឯប្រពន្ធដែលស្លាប់នោះមានឈ្មោះ ជា ច័ន្ទរចនា អាយុ៣០ឆ្នាំរស់នៅក្នុងភូមិឃុំកើតហេតុខាងលើដោយអ្នកទាំង ២មានកូនស្រី២នាក់ហើយកន្លងមកក៏តែងតែរស់នៅដោយមិនចុះសម្រុងនឹងគ្នាហើយក៏ឈានដល់ការប្តឹងទៅអាជ្ញាធរឃុំនិងប៉ូលិសប៉ុស្តិ៍ផងដែរនៅទីបំផុតប្រពន្ធក៏បានសុំលែងតែម្តងប៉ុន្តែនៅពេលចូលខ្លួនតាមការកោះហៅរបស់អាជ្ញាធរឃុំ គឺបុរសជាប្តីមិនព្រមចូលខ្លួននោះទេដោយនៅចិញ្ចឹមចិត្តរក្សាភ្លើងប្រច័ណ្ឌដដែល។
ប្តីបានសារភាពថាខ្លួនពិតជាបានដាក់ពង្រាយខ្សែភ្លើងនៅក្នុងផ្ទះទាំងថ្ងៃមែនប៉ុន្តែការដាក់នេះគឺដាក់ការពារចោរតែប៉ុណ្ណោះជាចៃដន្យក៏ត្រូវប្រពន្ធដើរទៅជាន់លើខ្សែភ្លើងនោះ ទើបបណ្តាលអោយឆក់ស្លាប់តែម្តង។
បញ្ជូនខ្លួនបុរសជាប្តីទៅកាន់អធិការដ្ឋាននគរបាលស្រុកសង្កែហើយដើម្បីសាកសួរដោយឡែកសពប្រពន្ធកំពុងរង់ចាំអោយខាងផ្នែកជំនាញកោសល្យវិច័យខេត្តចុះទៅពិនិត្យទើបប្រគល់ទៅឲ្យសាច់ញាតិធ្វើបុណ្យជាក្រោយ៕

