ភ្នំពេញ: នាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជននៃអគ្គស្នងការដ្ឋាននគរបាលជាតិបានហៅសន្ដិសុខម្នាក់មកធ្វើការសួរនាំ និងធ្វើកិច្ចសន្យាអប់រំក្រោយប្រព្រឹត្តសកម្មភាពមិនគួរគប្បីដោយបានដេញនិងប្រើប្រាស់អំពើហិង្សាលើអាជីវករលក់បន្លែនៅតំបន់បឹងកក់ជាកន្លែងដែលរូបគេកំពុងយាមកាមការឃាត់យកមកសួននាំនៅថ្ងៃទី២៩ខែមេសាឆ្នាំ២០២១នេះ។
ហេតុការណ៍អំពើហិង្សានេះបានកើតឡើងនៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២១ដោយឈ្មោះ ដូង ពុំ ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរសន្តិសុខរបស់ក្រុមហ៊ុន PPCC ទីលំនៅបច្ចុប្បន្ន ភូមិទទួលចាន់ឃុំពពេលស្រុកពញាក្រែកខេត្តកំពង់ចាមបានធ្វើសកម្មភាពហិង្សាទៅលើប្រជាពលរដ្ឋដែលជាអ្នកលក់បន្លែនៅចំណុចបរិវេណក្រុមហ៊ុនស្ថិតនៅភូមិ៣សង្កាត់ស្រះចកខណ្ឌដូនពេញ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជនបានចាត់មន្ត្រីជំនាញនៃនាយកដ្ឋាន សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការស្រាវជ្រាវភ្លាមៗ។
ជាលទ្ធផល មន្ត្រីការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជនបានកោះហៅឈ្មោះ ដូង ពុំអាយុ៣៣ឆ្នាំដើម្បីធ្វើការសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចសន្តិសុខឯកជនរូបនេះបានបំភ្លឺថាគឺពិតជាមានករណីប្រព្រឹត្តអំពើហិង្សាជាមួយប្រជាពលរដ្ឋជាអ្នកលក់បន្លែចល័តនោះពិតប្រាកដមែន។
សន្តិសុខរូបនេះបានបញ្ជាក់បន្ថែមថាមុនឈានដល់ប្រព្រឹត្តិសកម្មភាពហិង្សាខ្លួនបានហាមឃាត់អាជីវករលក់បន្លែចល័ត មិនឲ្យចូលលក់នៅក្នុងបរិវេនបឹងកក់ដែលជាតំបន់ហាមឃាត់ និងប៉ះពាល់ដល់បរិវេណឃ្លាំងទំនិញដែលខ្លួនកំពុងយាមនោះផងប៉ុន្តែអាជីវកររូបនោះមិនស្តាប់នៅតែចចេសបន្តចូលលក់ទើបឈានដល់ហិង្សាវាយប្រតប់គ្នាតែម្តងប៉ុន្តែមិនបង្កឲ្យមានរបួសស្នាមធ្ងន់ធ្ងរនោះទេ។
បន្ទាប់ពីកើតហេតុរួចអាជីវករលក់បន្លែបានធ្វើដំណើរចាកចេញពីកន្លែងកើតហេតុដោយពុំមានការប្តឹងផ្ដល់គ្នាទៅវិញទៅមកនោះឡើយ។
ក្រោយពីការសាកសួររួចមន្ត្រីជំនាញរបស់នាយកដ្ឋាននិងសមត្ថកិច្ចនៃស្នងការដ្ឋានរាជធានីភ្នំពេញបានធ្វើការអប់រំណែនាំនិងធ្វើកិច្ចសន្យាឲ្យឈប់ប្រព្រឹត្តអំពើហិង្សាលើប្រជាពលរដ្ឋបន្តទៀត។


