ភ្នំពេញ: ផ្ទះបណ្តែតទឹកតូចធំជាច្រេីននិងសំណង់មិនរៀបរយស្ថិតនៅតាមដងទន្លេមួយចំនួនបានស្ម័គ្រចិត្តរុះរើជាបណ្តើរៗហើយគិតត្រឹមថ្ងៃទី៧និង៨ខែមិថុនាឆ្នាំ២០២១នេះ ខណៈដែលថ្ងៃឱសានវាទនៃការអនុវត្តវិធានរដ្ឋបាលរបស់រដ្ឋបាលរាជធានីភ្នំពេញ កាន់តែខិតជិតមកដល់ បន្ទាប់ពីរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសទុកពេលមួយសប្តាហ៍ឱ្យម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើឬចល័តចេញជាបន្ទាន់ពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ។
លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌឬស្សីកែវនៅថ្ងៃទី៨ ខែមិថុនាឆ្នាំ២០២១បានដឹកនាំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចុះត្រួតពិនិត្យបែរត្រីនិងផ្ទះបណ្តែតទឹកក្នុងភូមិសាស្រ្តខណ្ឌ។
ក្នុងការចុះរដ្ឋបាលត្រួតពិនិត្យនោះឃើញថាផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗនិងម្ចាស់សំណង់មិនរៀបរយតាមដងទន្លេបានស្ម័គ្រចិត្តរុះរើបាន៤ទៅ៥កន្លែងហើយហើយក្រៅពីនោះពួកគាត់ក៏បានសន្យាថានឹងរុះរើជាបណ្តើរៗទៀត។
លោកបន្តថារដ្ឋបាលខណ្ឌបានកំណត់យកថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះជាថ្ងៃដែល អាជ្ញាធរប្រើវិធានការរដ្ឋបាលចុះទៅរុះរើដោយមិនទទួលការខុសត្រូវរាល់ការខូចខាត និងប្រឈមមុខច្បាប់ថែមទៀត។
ចំណែកលោក រស់ សុភ័ក្រ អភិបាលរងខណ្ឌច្បារអំពៅ បានបញ្ជាក់ឱ្យដឹងកាលពីថ្ងៃទី៨ខែមិថុនាថាជុំវិញវិធានការទៅផ្ទះបណ្តែតទឹកម្ចាស់ផ្ទះតូចៗនិងម្ចាស់សំណង់មិនរៀបរយតាមដងទន្លេនេះចំពោះអាជ្ញាធរខណ្ឌច្បារអំពៅតែងបានចុះផ្សព្វផ្សាយនិងប្រគល់ជូនសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញជូនទៅពួកគាត់គ្រប់គ្នាដើម្បីឱ្យពួកគាត់រុះរើសំណង់ទាំងអស់នោះចេញមុន១សប្តាហ៍។
ប៉ុន្តែបើគិតមកដល់ត្រឹមថ្ងៃទី៩ខែមិថុនានេះមានបងប្អូនម្ចាស់ផ្ទះបណ្តែតទឹកម្ចាស់ផ្ទះតូចៗនិងម្ចាស់សំណង់មិនរៀបរយ តាមដងទន្លេមួយចំនួនបានរុះរើជាបណ្តើរៗហើយពិសេសគឺបែត្រីតែម្តង។
ដោយឡែកសម្រាប់ខណ្ឌព្រែកព្នៅវិញពាក់ព័ន្ធនឹងការអនុវត្តសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីខាងលើនេះដែរបើតាមមន្ត្រីរដ្ឋបាលខណ្ឌបានបញ្ជាក់ឱ្យដឹងថានៅក្នុងមូលដ្ឋានខណ្ឌព្រែកព្នៅមានផ្ទះបណ្តែតទឹកផ្ទះតូចៗនិងម្ចាស់សំណង់មិនរៀបរយតាមដងទន្លេចំនួន២៩២កន្លែងស្មើចំនួន៣០៨គ្រួសារពួកគាត់ទាំងអស់ត្រូវបានអាជ្ញាធរខណ្ឌប្រគល់សេចក្តីជូនដំណឹងដល់ដៃគ្រប់គ្នាហើយប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ត្រីនោះមិនបានបញ្ជាក់ពីការរុះរើផ្ទះទឹកទាំងនេះបានប៉ុន្មាននូវឡើយទេ៕



