កណ្តាល: សមត្ថកិច្ចឃាត់ខ្លួនបុរស់ម្នាក់បានបន្លំពាក់មួកមានសញ្ញា(Police)និងបន្លំឯកសណ្ឋានជានគរបាលកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១វេលាម៉ោង១០និង០០នាទីស្ថិតនៅចំណុចលើកំពង់ចម្លង(ព្រែកតូចបារ៉ែនក្រោម)នៅភូមិព្រែករុនក្រោមឃុំព្រែកគយស្រុកស្អាងខេត្តកណ្ដាល ។
ក្រោយទទួលបានបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាលកម្លាំងនគរបាលបានឃាត់អ្នកបើកម៉ូតូពាក់មួកប៉ូលីសឈ្មោះ ភន សុភា ភេទប្រុសអាយុ៣៧ឆ្នាំជនជាតិខ្មែរមុខរបរជាងដែកមានទីលំនៅភូមិបារ៉ែនក្រោមឃុំស្វាយប្រទាលស្រុកស្អាងខេត្តកណ្ដាល ។
វត្ថុតាងចាប់យករួមមាន
១. មួកប៉ូលីស ចំនួន ០១
២. ម៉ូតូ ចំនួន ០១គ្រឿង ម៉ាក FTR ពត៌ខ្មៅ ពាក់ផ្លាកលេខៈ ភ្នំពេញ 1AN.7432
៣. មាន់ឈ្មោល ចំនួន ០២ក្បាល
៤. កន្ត្រកមាន់ ចំនួន ០២
ប្រភពពីសមត្ថកិច្ចបានអោយដឹងថានៅថ្ងៃទី០៨ខែមិថុនាឆ្នាំ២០២១វេលាម៉ោង០៧ និង០០នាទីព្រឹកឈ្មោះ ភន សុភា បានទិញមាន់ឈ្មោលចំនួន០២ក្បាល(មាន់ដែលគេជល់ចាញ់មានរបួស)ក្នុងគោលបំណងយកទៅបង្កាត់ពូជដោយគ្មានចេតនាយកទៅជល់ភ្នាល់ដាក់លុយនោះទេបន្ទាប់ពីបានទិញរួចនៅវេលាម៉ោង១០និង០០នាទីថ្ងៃខែឆ្នាំដដែលខ្លួនក៏បានយកកន្ត្រកមកដាក់មាន់ខាងលើរួចជិះម៉ូតូឌុបប្អូនរបស់ខ្លួនអោយជួយកាន់កន្ត្រកដែលដាក់មាន់០២ក្បាលខាងលើយកទៅទុកនៅផ្ទះ ។
នៅពេលដែលជិះម៉ូតូមកដល់ចំណុចកើតហេតុនៅលើកំពង់ចម្លងខណៈកំពុងជិះទូកឆ្លងទន្លេរក៏ត្រូវបានគេថតរូបភាពបានបង្ហាញពីរូបពាក់មួកប៉ូលីសជិះម៉ូតូស្ពាយមាន់ជល់តែម្ដង ។
រហូតដល់ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២១ក៏ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅឈ្មោះ ភន សុភា មកធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចនគរបាលឈ្មោះ ភន សុភា បានឆ្លើយសារភាពថាខ្លួនពិតជាបានពាក់មួកប៉ូលីសហើយជិះម៉ូតូស្ពាយមាន់ពិតប្រាកដមែន ។

