ភ្នំពេញ: កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌដង្កោបានបើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ដែលពួកគេបានក្លែងឯកសណ្ឋានជាមន្ត្រីដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឱ្យដឹងកាលពីរសៀលថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១នេះមានក្រុមនគរបាលជាតិជិះរថយន្តអត់ស្លាកលេខដើរអុកឡុកប្រជាពលរដ្ឋនៅមូលដ្ឋាន ។
ការដេីរបង្ករកាលពីយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចមូលដ្ឋានបានជិះល្បាតនៅភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោហើយឃើញក្រុមជនសង្ស័យនេះមានសកម្មភាពមិនប្រក្រតីក៏បានចុះទៅធ្វើការសាកសួរតែខាងជនសង្ស័យដែលគ្រងឯកសណ្ឋានជាមន្ត្រីនគរបាលជាតិនិងមានសញ្ញាសម្គាល់របស់នគរបាលប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃនិងមានពាក់ឋានន្តរស័ក្តិសុទ្ធតែវរសេនីយ៍ទោនិងវរសេនីយ៍ត្រីបានធ្វើឫកពាព្រងើយមិនញញើតសមត្ថកិច្ចមូលដ្ឋាននោះឡើយថែមទាំងអង្គុយចុចទូរស័ព្ទហើយខ្ជិលនិយាយជាមួយមន្ត្រីមូលដ្ឋានសូម្បីតែមួយម៉ាត់។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានរាយការណ៍ជូនថ្នាក់លើដើម្បីសុំគោលការណ៍ដោយសារតែជនសង្ស័យស្លៀកពាក់ឯកសណ្ឋាននិងមានកាតសម្គាល់ខ្លួនជាមន្ត្រីនគរបាលជាតិទើបធ្វើឲ្យកម្លាំងជំនាញខណ្ឌដង្កោពិបាកនិងធ្វើការបន្តិចបន្ទាប់ពីទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកការងារបង្ក្រាបគ្រឿងញៀននៃក្រសួងមហាផ្ទៃ ទើបកម្លាំងជំនាញខណ្ឌដង្កោបើកការស្រាវជ្រាវនិងឃាត់ខ្លួន បានជនសង្ស័យ៣នាក់នៅយប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២១។
នៅថ្ងៃទី១៨ខែមិថុនាឆ្នាំ២០២១កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវជ្រាវរហូតដល់ភូមិកំរៀងសង្កាត់ព្រៃវែងខណ្ឌដង្កោ ទើបឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត។
កម្លាំងនគរបាលខណ្ឌដង្កោបានប្រគល់ជនសង្ស័យទាំង៤នាក់និងវត្ថុតាងខាងលើទៅឲ្យមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃបន្តនីតិវិធីនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមច្បាប់ ៕




