ភ្នំពេញ: ជនសង្ស័យចំនួន០៤នាក់ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវធ្វើការឃាត់ខ្លួនករណីលួចមានស្ថានទម្ងន់ទោស(ធាក់ជនរងគ្រោះនិងគំរាមយកម៉ូតូ)កើតហេតុនៅក្នុងសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១វេលាម៉ោង០៥និង៣០នាទីព្រឹកក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ជនរងគ្រោះនិងគំរាមយកម៉ូតូបានសម្រេចត្រង់ចំណុចផ្លូវលេខ១០០៣ ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវរួចគេចខ្លួនបាត់លុះមកដល់ថ្ងៃទី២៨ខែមិថុនាឆ្នាំ២០២១វេលាម៉ោង០៥និង៥០នាទីព្រឹកក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ជនរងគ្រោះនិងគំរាមយកម៉ូតូបានសម្រេច០១លើកទៀត នៅត្រង់ចំណុចបណ្តោយផ្លូវជាតិលេខ៥ស្ថិតក្នុងភូមស្លែងដីដុះឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាលរួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពេលកើតហេតុលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវបានបញ្ជាដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៤នាក់និងដកហូតម៉ូតូចំនួន០៣គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាព។
បច្ចុប្បន្នជនសង្ស័យទាំង០៤នាក់កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិធីច្បាប់៕
