ភ្នំពេញ: សាធារណរដ្ឋកូរ៉េបានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជា ដើម្បីកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 នៃភាគីជាសមាជិកអនុសញ្ញាប្រែប្រួលអាកាសធាតុឆ្នាំ២០២៣ខាងមុខនេះតាមរយៈសំណើនេះឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានគាំទ្រនិងស្វាគមន៍ចំពោះការស្នើសុំរបស់សាធារណរដ្ឋកូរ៉េដែលនឹងផ្តល់ផលប្រយោជន៍ជាច្រើនក្នុងការលើកកម្ពស់វិស័យបរិស្ថាននិងកសិកម្ម ។
បានថ្លែងក្នុងឱកាសចូលជួបសម្តែងការគួរសមឯកឧត្តម Park Heung Kyeong ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំនៅកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះកម្ពុជា ជាពិសេសប្រមុខរាជរដ្ឋាភិបាលកម្ពុជាចំពោះយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
ឯកឧត្តមក៏បានស្នើសុំនូវកិច្ចគាំទ្រពីកម្ពុជាដើម្បីឲ្យកូរ៉េអាចធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ cop-28 ស្របពេលដែលបណ្តាប្រទេសក្នុងតំបន់អាស៊ីនិងកូរ៉េមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការដោះស្រាយបញ្ហានិងការផ្តល់នូវថវិកាចំពោះការប្រែប្រួលអាកាសធាតុតាមរយៈមូលនិធិអាកាសធាតុបៃតង(GCF)។
ឯកឧត្តម ឯកអគ្គរដ្ឋទូតក៏បានបង្ហាញនូវការពង្រីកវិសាលភាពបន្ថែមទៅលើគម្រោង ODA ( Official Development Assistant)ដែលបានគាំទ្រកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើវិស័យផ្សេងៗជាមួយកម្ពុជានិងបានស្នើសុំឲ្យកម្ពុជាគាំទ្រផងដែរដល់ក្រុមហ៊ុនវិនិយោគកូរ៉េដែលមានបំណងមកដាំឬស្សីក្នុងពេលឆាប់ៗនេះ។
ជាការឆ្លើយតបឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីបរិស្ថានបានសម្តែងនូវការគាំទ្រនិងស្វាគមន៍ចំពោះការស្នើសុំដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២ក្នុងវិស័យបរិស្ថាននិងកសិកម្មក៏ដូចជាទីផ្សារការងារសម្រាប់កម្ពុជា ។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើសុំឲ្យកូរ៉េបន្តជំរុញបច្ចេកទេសលើវិស័យកសិកម្មដែលបន្ស៊ីទៅនឹងការប្រែប្រួលអាកាសធាតុដូចជាពូជស្រូវនិងពូជដំណាំជាដើម ៕
