ខេត្តតាកែវ ៖ មិនបានប៉ុន្មានថ្ងៃផងក្រោយពីលោក អ៊ូច ភា អភិបាលខេត្តតាកែវប្រកាសនៅមុខក្រុមអាជីវករថាលោកពុំដែលបានអនុញ្ញាតឲ្យមានការសង់ផ្សារតាកែវឡើងវិញនោះទេលោកថាបានដោះស្រាយចប់ហើយគ្មានការរុះរើទេ ។
ស្រាប់តែបែកធ្លាយឯកសារជាច្រើនសន្លឹកដែលបង្ហាញថាលោក អ៊ូច ភា បានបោះត្រាអនុញ្ញាតឲ្យឈ្មួញធ្វើការវិនិយោគសាងសង់ផ្សារតាកែវឡើងវិញខណៈពេលអាជីវករមួយភាគធំកំពុងខ្វល់រឿងអត់អង្ករច្រកឆ្នាំងហើយឈ្មួញមកលក់តូបក្នុងតម្លៃរាប់ម៉ឺនដុល្លារឲ្យពួកគាត់ទៀតនោះពិតជាបែកកើតមានរឿងធំមិនខាន ។
លិខិត២ដាច់ដោយឡែកពីគ្នាដោយមួយជាលិខិតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយទៀតជាលិខិតអនុញ្ញាតឲ្យមានការសាងសង់បោះ ត្រាយល់ព្រមដោយលោក អ៊ូច ភា អភិបាលខេត្តតាកែវបានបង្ហាញថា ផ្សារតាកែវដែលមានទីតាំងស្ថិតនៅភូមិថ្នល់បែកសង្កាត់រការក្រៅក្រុងដូនកែវត្រូវបានស្នើធ្វើការវិនិយោគកាលពីចុងខែឧសភាឆ្នាំ២០២១ ដោយមានឈ្មោះ ប្រាក់ ចាន់រដ្ឋា ជាម្ចាស់គម្រោងហើយក៏ត្រូវបានអភិ បាលខេត្តតាកែវបោះត្រាយល់ព្រមឲ្យមានការសាងសង់ហើយដែរ។
ដោយសារតែមានការអនុញ្ញាតនេះហើយទើបក្រុមឈ្មួញចាប់ផ្តើមធ្វើការលក់តូបផ្សារដែលគេបានបង្កើតរាប់រយតូបដោយតាមអាជីវករខ្លះថាតម្លៃតូបនោះក៏មានតម្លៃថ្លៃដោយ១តូបមានពី១ម៉ឺន៥ពាន់ដុល្លារ រហូតដល់ទៅ៣ម៉ឺនដុល្លារក៏មានទៅតាមទីតាំង។
ចំពោះករណីខាងលើនេះយើងនៅមិនទាន់មានការបកស្រាយពីលោក អ៊ូច ភា អភិបាលខេត្តតាកែវនៅឡើយទេនៅថ្ងៃនេះ។




