ភ្នំពេញ ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០២១នេះបានប្រកាសសាលដីកាកំបាំងមុខនិងសម្រេចតម្កល់ទោសលោកឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវនិងលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវជាបងបង្កើតរបស់លោកឡាយ វណ្ណៈ ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗពី ១០ទៅ១៣ឆ្នាំដដែលនិងប្រកាសបិទផ្លូវតវ៉ាជាប់ពាក់ព័ន្ធការសង្ស័យថាបានព្រួតគ្នាសម្លាប់ស្ត្រីរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ជាស្រីកំណាន់របស់ ឡាយ វណ្ណៈ ប្រព្រឹត្តនៅចំណុចផ្ទះជួលភូមិផ្សារតាកោសង្កាត់រកាក្រុងដូនកែវខេត្តតាកែវកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០១៨។
លោក និន ណុន ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះបានថ្លែងឲ្យដឹងថានៅក្នុងសំណុំរឿងក្តីនេះទណ្ឌិតឈ្មោះ ឡាយ វណ្ណៈភេទប្រុស អាយុ៤៥ឆ្នាំត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ខែកញ្ញាឆ្នាំ២០១៩ផ្តន្ទាទោសដាក់ពន្ធនាគារ កំណត់១៣ឆ្នាំនិងទណ្ឌិតឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំត្រូវជាប់ពន្ធនាគារ១០ឆ្នាំពីបទ(ឃាតកម្ម)តាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ។
ចំណែកឯទណ្ឌិតឈ្មោះ ជឹម វុធ ភេទប្រុសអាយុ៤១ឆ្នាំនិងទណ្ឌិតឈ្មោះ ម៉ែន សាម៉ៃ ភេទប្រុសអាយុ៣៦ឆ្នាំត្រូវដាក់ពន្ធនាគារកំណត់ម្នាក់ៗ២ឆ្នាំពីបទ(លាក់កំបាំងតម្រុយ)តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌតែពួកគាត់ទាំង៤នាក់បានប្តឹងឧទ្ទរណ៍និងបន្តប្តឹងសារទុកមកកាន់តុលាការកំពូល។
ទាក់ទងនឹងសាលដីការបស់តុលាការកំពូលខាងលើនេះលោក ឡាយ វណ្ណៈ និងលោក ឡាយ ណារិទ្ធ ព្រមទាំងមេធាវីការក្តីមិនអាចទាក់ទងដើម្បីព័ត៌មានបានឡើយនៅថ្ងៃសុក្រទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ៕

