ភ្នំពេញ: សមត្ថកិច្ចបំបែកសំណុំរឿងចាក់សម្លាប់ស្ដ្រីជនជាតិចិនម្នាក់នៅខណ្ឌដង្កោត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំសហការស្រាវជ្រាវបង្ក្រាបបានជនដៃដល់នៅស្រុករមាសហែកខេត្តស្វាយរៀងនាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូឆ្នាំ២០២១នេះ។
ហេតុការណ៍អំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះបានកើតឡើងនៅយប់ថ្ងៃទី២៥ខែធ្នូឆ្នាំ២០២១ក្នុងរោងចក្រគោលដេនហ្គ្រេសស្ថិតក្នុងភូមិអន្លង់គងថ្មីសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាពីឯកឧត្តម នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងឯកឧត្តមឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។
កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកវរសេនីយ៍ឯក ខេង ម៉េងឈាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលដឹកនាំសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌដង្កោនិងខេត្តស្វាយរៀង។
ជនដៃដល់ដែលកម្លាំងជំនាញចាប់ខ្លួនបាននេះឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិចិនមុខរបរប្រធានផ្នែកដេរកាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។
ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) ភេទស្រី អាយុ៣៧ឆ្នាំជនជាតិចិនកាន់លិខិតឆ្លងដែនលេខEF5967276មុខរបរប្រធានរោងចក្រស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេសស្ថិតនៅភូមិអន្លង់គងថ្មីសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ។
បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំពុងបញ្ជូនខ្លួនជនសង្ស័យមកធ្វើការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌដើម្បីចាត់ការបន្ដតាមនីតិវិធី៕

