ឧត្ដរមានជ័យ៖ កាលពីថ្ងៃទី២៩ខែធ្នូឆ្នាំ២០២១វេលាម៉ោង១២ និង៣៨នាទីយប់មានរថយន្តមួយគ្រឿងម៉ាកហ្វ្រន់ធាពីរបាំង ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ(បន្ទាយមានជ័យ 2A-5369) ជារថយន្តរបស់មេឈ្មួញជើងខ្លាំងដ៏ល្បីល្បាញខាងរកស៊ីបំផ្លាញព្រៃឈើឈ្មោះ(យាយ មុំ)ដឹកឈើទ្វារពេញបានបែកកង់ កណ្ដាលផ្លូវហើយក៏ត្រូវបានគេរាយការណ៍ទៅខាងមន្ត្រីបរិស្ថានដែនជម្រកប្រចាំនៅស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យមួយសន្ទុះក្រោយមកក៏ឃើញរថយន្តចំនួនពីរគ្រឿងចុះមកដល់ទីមួយម៉ាកពីរបាំងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ(ភ្នំពេញ 2H-5991) និងទីពីរម៉ាកលិចស៊ីស300ពណ៌ទង់ដែងពាក់ស្លាកលេខ(2A-0644) ជារថយន្ដរបស់មន្ត្រីបរិស្ថានដែនជម្រកលុះមកដល់ក៏ធ្វើការឃាត់និងបង្ក្រាបភ្លាមស្ថិតនៅចំណុចផ្លូវក្រវាត់ព្រំដែនឃុំផ្អាវស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យតែគួរឲ្យស្ដាយក្រោយពីបង្ក្រាបនិងចរចាគ្នាអស់រយៈពេលជាច្រើនម៉ោងក៏ធ្វើការដោះលែងឲ្យរួចខ្លួនទៅវិញបាត់។
គួរបញ្ជាក់ផងដែរថារថយន្តដឹកឈើទ្វារខាងលើនេះគឺជាមុខសញ្ញាចាស់ដឹកឈើខុសច្បាប់ជាយូរឆ្នាំកន្លងមកហើយដោយម្ចាស់រថយន្តមានឈ្មោះ(យាយ មុំ)ជាមេឈ្មួញដុះស្លែដែលមានទីតាំងនៅស្រុកអន្លង់វែងខេត្តឧត្តរមានជ័យហើយនៅមានរថយន្តមួយគ្រឿងទៀតក៏ធ្លាប់ត្រូវបានកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទបង្រ្កាបបានកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១កន្លងទៅដោយឃាត់បានរថយន្តម៉ាកស្តារិចមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខ(ពោធិ៍សាត់ 2B-6866)ផ្ទុកដោយឈើគ្រោង ទ្វារ បង្អួចពេញនិងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យដោយសារតែរថយន្តខាងលើជាប់ផុងទៅមុខមិនរួចនិងបែកការណ៍ដល់អ្នកកាសែតហើយកន្លងមកក៏ធ្លាប់ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនៃការដឹកជញ្ជូនម្ដងរួចមកហើយប៉ុន្តែក្រោយមករថយន្តដឹកឈើរបស់មេឈ្មួញឈ្មោះ(យាយ មុំ)រូបនេះនៅតែបន្តធ្វើសកម្មភាពដឹកជញ្ជូនជារៀងរាល់យប់រាល់ថ្ងៃដដែលដូចមិនធ្លាប់មានរឿងអ្វីសោះ ៕


