ភ្នំពេញ ៖ នៅថ្ងៃទី៥ខែមករាឆ្នាំ២០២២នេះតាមការគ្រោងទុករបស់ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញបានលើកយកសំណុំរឿងអតីតផ្កាយ២យោធានិងគូកនមកកាត់ក្តីពាក់ព័ន្ធលើបណ្តឹងបរិហារបង្កាច់កេរ្តិ៍ ។
សំណុំរឿងនេះមានជនត្រូវចោទ២នាក់ ម្នាក់ឈ្មោះ សូយ ចាន់សឿន ភេទប្រុសអាយុ៤៥ឆ្នាំអតីតផ្កាយ២យោធាមានទីលំនៅផ្ទះលេខ៣១០អឺ០មហាវិថីព្រះមុនីវង្សសង្កាត់ចតុមុខខណ្ឌដូនពេញរាជធានីភ្នំពេញ(កំពុងជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ស្ពឺ) និងម្នាក់ទៀតឈ្មោះ សូ បិនឡា ភេទប្រុស អាយុ៤៣ឆ្នាំស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិត្នោតជ្រំ៣សង្កាត់បឹងទំពុនខណ្ឌមានជ័យរាជធានីភ្នំពេញ ។
ជនត្រូវចោទទាំង២នាក់នេះរងនូវពាក្យបណ្តឹងរបស់ឈ្មោះ កើត ខេង ភេទប្រុសអាយុ៥០ឆ្នាំមុខរបរជាអាជីវករនៅរាជធានីភ្នំពេញ ។
បើយោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះបានចោទប្រកាន់ជនត្រូវចោទទាំង២នាក់ពីបទបរិហារបង្កាច់កេរ្តិ៍ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញកាលពីអំឡុងឆ្នាំ២០២០ដែលបទល្មើសនេះមានបញ្ញត្តិឱ្យផ្តន្ទាទោសតាមមាត្រា៣១១និងមាត្រា ៣១២ នៃក្រមព្រហ្មទណ្ឌ ។
ពាក្យបណ្តឹងបានបញ្ជាក់ទៀតថានៅក្នុងអំឡុងឆ្នាំ២០២០ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា បានប្តឹងលោក កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទលួចឆបោក និងក្លែងលិខិតសាធារណៈហើយពាក្យបណ្តឹងនោះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបើកការស៊ើបអង្កេតតាមនីតិវិធីដោយរកមិនឃើញមានបទល្មើសដូចការចោទប្រកាន់នោះទេទើបតំណាងអយ្យការសម្រេចតម្កល់ទុកឥតចាត់ការ ។
ផ្នែកទៅលើទង្វើរបស់ជនសង្ស័យឈ្មោះ សូយ ចាន់សឿន និងឈ្មោះសូ បិនឡាបានឃុបឃិតគ្នាប្តឹងលោក កើត ខេង គ្មានមូលដ្ឋានច្បាស់លាស់និងគ្មានឯកសារគ្រប់គ្រាន់ជាតឹកតាងសម្រាប់បង្ហាញជូនស្ថាប័នអយ្យការដែលសបញ្ជាក់ឱ្យឃើញថាឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា មានគំនិតទុច្ចរិតជាប់ពាក់ពន្ធទៅនឹងបទល្មើសបរិហារបង្កាច់កេរ្តិ៍ទើបធ្វើឱ្យលោក កើត ខេង ជាជនរងគ្រោះកើតទុក្ខមិនសុខចិត្តប្តឹងតបតវិញនោះ ។
ដូច្នេះរង់ចាំមើលអ្នកប្តឹងគេដោយគ្មានភស្តុតាងជាក់លាក់ត្រូវគេប្តឹងវិញនឹងទៅជាយ៉ាងណា ?
សូមបញ្ជាក់ថាអតីតផ្កាយ២យោធា សូយ ចាន់សឿន នៅជាប់បណ្តឹងជាច្រើនករណីទៀតដែលតុលាការរាជធានីខេត្តនឹងលើកយកមកបើកសវនាការជាបន្តបន្ទាប់ ។
សំណុំរឿងដែលក្តៅជាងគេនោះគឺបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឌួង ហេម៉ាលីស ប្តឹង សូយ ចាន់សឿន ពីបទ«ហិង្សាដោយមានស្ថានទម្ងន់ទោសនិងបង្ខាំងមនុស្សដោយខុសច្បាប់» ។
នៅព្រឹកថ្ងៃទី៥ខែមករានេះដែរអនុរក្សពន្ធនាគារខេត្តកំពង់ស្ពឺបាននាំខ្លួនជនសង្ស័យអតីតផ្កាយ២ សូយ ចាន់សឿន មកកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីឱ្យចៅក្រមស៊ើបសួរសាកសួរបន្ថែមលើពាក្យបណ្តឹងក្នុងសំណុំរឿងថ្មីមួយទៀត។
ក្រោយពីសាកសួរចប់អនុរក្សពន្ធនាគារក៏បានដឹកជនសង្ស័យទៅឃុំខ្លួននៅកន្លែងដើមវិញ ៕

