សំណុំរឿងឃាតកម្មតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនបុរសជាប់ចោទជាស្វាមីស្ត្រីមេតុងទីនម្នាក់សង្ស័យស្លាប់កាល​ពីជិត១ឆ្នាំមុន

សំណុំរឿងឃាតកម្មតុលាការខេត្តព្រះវិហារសម្រេចឃុំខ្លួនបុរសជាប់ចោទជាស្វាមីស្ត្រីមេតុងទីនម្នាក់សង្ស័យស្លាប់កាល​ពីជិត១ឆ្នាំមុន

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ខេត្តព្រះវិហារ ៖ បុរសជាស្វាមីរបស់អតីតសពស្ត្រីមេតុងទីនម្នាក់ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បញ្ជាឲ្យកម្លាំងមានសមត្ថកិច្ចនាំខ្លួន បញ្ជូនទៅឃុំឃាំងជាបណ្តោះអាសន្ន នៅក្នុងពន្ធនាគារខេត្តហើយកាលពីល្ងាចថ្ងៃទី៦មករាម្សិលមិញ ។

រីឯការសម្រេចឃុំខ្លួនជនជាប់ចោទជាស្វាមីសពស្ត្រីមេតុងទីនរូបនោះបានធ្វើឡើងក្រោយការចុះស៊ើបអង្កេតស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនអស់រយៈពេលជាច្រើនខែនិងនៅក្នុងរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៥មករាដល់ថ្ងៃទី៦មករាឆ្នាំ២០២២ កម្លាំងកងរាជអាវុធហត្ថខេត្តដែលដឹកនាំដោយលោកវរសេនី​យ៍ទោ ជួរ ប៊ុងសុង មេបញ្ជាការរងអាវុធហត្ថខេត្តក្រោយទទួលបានបទបញ្ជាពីមេបញ្ជាការកងរាជអាវុធហត្ថខេត្តលោកឧត្តមសេនីយ៍ត្រី កង សៅគុណ និងក្រោមកិច្ចសម្រប​សម្រួលបើកការស៊ើបអង្កេតស្រាវជ្រាវ ការឆែកឆេរលំនៅដ្ឋាននិងការឃាត់ខ្លួនជនដៃដល់ពី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី ។

Sponsor

មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ លោកវរសេនីយ៍ទោ ជួរ ប៊ុងសុង បានប្រាប់ឲ្យដឹងនៅថ្ងៃ៧មករានេះថា បុរសជាប់ចោទ ដែលជាអតីតស្វាមីសពស្រ្តីមេតុងទីនម្នាក់ ដែលត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួនជាបណ្តោះអាសន្ន កាលពីល្ងាចថ្ងៃ៦មករា ម្សិលមិញនោះ ឈ្មោះ វិញ ទិត្យបុផា ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ លោកថា ជនជាប់ចោទ បានជាប់សង្ស័យពាក់ព័ន្ធទៅនឹងអំពើឃាតកម្ម លើស្ត្រីជាភរិយាឈ្មោះ យ៉ុង ស៊ីធឿង ក្រោយទទួលបានសេចក្តីរាយការណ៍ថា ស្ត្រីជាភិយារូបនោះ បានស្លាប់ដោយសារការធ្វើអត្តឃាត ចងក សម្លាប់ខ្លួនឯង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១កន្លងមក ។

លោកវរសេនីយ៍ទោ ជួរ ប៊ុងសុង បានបញ្ជាក់ថា ក្រោយការស៊ើបអង្កេតរបស់ តំណាងអយ្យការខេត្តនោះរួចមក កម្លាំងសមត្ថកិច្ចបានរកឃើញថា ជនសង្ស័យ ឈ្មោះ វិញ ទិត្យបុផា ដែលជាស្វាមី អតីតសពស្ត្រីមេតុងទីន ពិតជាជនដៃដល់នៅក្នុងករណីឃាតកម្មនោះប្រាកដមែន និងនៅខណៈនោះ តំណាងអយ្យការខេត្ត ក៏បានបញ្ជាកម្លាំងសមត្ថកិច្ចអាវុធហត្ថ ឲ្យធ្វើការឃាត់ខ្លួនបុរសជាស្វាមីដៃដល់នោះ និងបានឆែកឆេរលំដ្ឋាន រកឃើញ និងដកហូតបានអាវុធខ្លីម៉ាក់ k59 ចំនួន ១ដើម លេខ 3213 (ផលិតនៅប្រទេសចិន) គ្រាប់ ៥២គ្រាប់ បង់ចំនួន៤ ,បង់អាវុធ Ak47 ចំនួន ១ គ្រាប់ Ak47 ចំនួន ២៥គ្រាប់ និងគ្រឿងអល័ង្ការមួយចំនួន រួមមាន៖ គ្រឿងក្រឡៃ ១តម្លឹង ៥ជី ៤ហ៊ុន ប្លាកទីន ៥តម្លឹង ១ជី ៤ហ៊ុន ជញ្ជៀន ២៣វង់ កងដៃ ១ និងក្រវឹល៤គូរ ។

ក្រោយការចងក្រងសំណុំរឿង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត បានបញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាងដែលដកហូតបាន ទៅកាន់សាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

គួររំលឹកថា កាលពីរសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២១ កន្លងទៅ នៅក្នុងរោងដាក់រថយន្ត ជាប់សំយ៉ាបផ្ទះ ស្ថិតក្នុងភូមិស្រះឈូក សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ មានករណីមេតុងទីន ឈ្មោះ យ៉ុង ស៊ីធឿង បានចងក សម្លាប់ខ្លួន។ ប៉ុន្តែ ក្រោយពីមានពាក្យបណ្តឹងពីក្រុមគ្រួសារនៃសព ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី តំណាងអយ្យការអមសាលាដំបូងខេត្តព្រះវិហារ លោក វុធ សាវី បានដឹកនាំកម្លាំងរាជអាវុធហត្ថខេត្ត ដើម្បីបើកការអង្កេតលើករណីឃាតកម្ម ដែលស្ត្រីមេតុងទីនចងក សម្លាប់ខ្លួនឯងឡើងវិញ។

ក្រោយការអង្កេតអស់រយៈពេលច្រើនខែមកនេះ សមត្ថកិច្ចបានរកឃើញតំរុយពិរុទ្ធភាពលើជនសង្ស័យឈ្មោះ វិញ ទិត្យបុផា ដែលត្រូវជាប្តី ស្ត្រីរងគ្រោះ ដែលបានរៀបចំគំរោងសម្លាប់ប្រពន្ធ នៅថ្ងៃកើតហេតុ គឺថ្ងៃ១៨មីនា២០២១ និងបានឆែកឆេររកឃើញ អាវុធខ្លី ១ដើម គ្រាប់ ៧៧គ្រាប់ ដោយគ្មានលិខិតអនុញ្ញាត ។

សមត្ថកិច្ចជំនាញបានបញ្ជាក់ថា អំពើរបស់ឈ្មោះ វិញ ទិត្យបុផា ជាបទ «ឃាតកម្មគិតទុកជាមុន» និងបទ «សន្និធិអាវុធដោយគ្មានលិខិតអនុញ្ញាត» និងនៅល្ងាចថ្ងៃ៦មករាឆ្នាំ២០២២ ជនជាប់ចោទ ត្រូវបានតុលាការខេត្ត សម្រេចឃុំខ្លួននៅក្នុងពន្ធនាគារខេត្តនោះហើយ ៕