មណ្ឌលគិរី ៖ យោងតាមទៅតាមកាចុះផ្សាយរបស់អង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានបញ្ជាក់ឱ្យដឹងថានៅថ្ងៃទី០៩ខែមករាឆ្នាំ២០២២បងប្អូនជនជាតិដើមភាគតិចព្នង(ពូនង)នៅខេត្តមណ្ឌលគិរីបានរៀបចំកម្មវិធីកាប់ក្របីសែនព្រេនតាមប្រពៃណីនៅលើភ្នំដោះក្រមុំដើម្បីទទួលស្វាគមន៍លោក ថង សាវុន ដែលព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ទេរភារកិច្ចលោក ថង សាវុន ពីអភិបាលខេត្តរតនគិរីទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។
ក្នុងពិធីដ៏អធិកអធមនោះដែរក៏មានវត្តមានលោក ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមលោក លោកស្រី គណៈប្រតិភូអមដំណើរ អភិបាលរងខេត្តថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធអភិបាលក្រុង/ស្រុកនិងតំណាងចាស់ទុំជនជាតិដើមភាគតិចមកពីបណ្តាក្រុង/ស្រុកទាំង០៥ក្នុងខេត្តនិងយុវជនជាច្រើននាក់ដែលប្រព្រឹត្តទៅនៅលើភ្នំលោកតាស្រុះយាយផ្លុំ(ភ្នំដោះក្រមុំ)ស្ថិតនៅភូមិដោះក្រមុំសង្កាត់សុខដុមក្រុងសែនមនោរម្យ។
ក្នុងពិធីនោះតំណាងចាស់ទុំជនជាតិដើមភាគតិចព្នងនៅខេត្តមណ្ឌលគិរី ក៏បានបួងសួងដល់បារមីរបស់លោកតាស្រុះយាយផ្លុំ (ភ្នំដោះក្រមុំ)តាមជួយថែរក្សាការពារទឹកដីនៃខេត្តមណ្ឌលគិរីសូមតាមជួយបីបាច់ថែរក្សាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថ្នាក់ដឹកនាំខេត្តមន្រ្តីរាជការប្រជាពលរដ្ឋរួមទាំងបងប្អូនជនជាតិដើមភាគតិចទាំងអស់ឱ្យទទួលបានសេចក្តីសុខសប្បាយនិងចៀសផុតពីជំងឺផ្សេងៗ។
អង្គភាពមន្ទីរព័ត៌មានខេត្តមណ្ឌលគិរីបានបញ្ជាក់បន្តថានាឱកាសនោះលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានថ្លែងនូវការរំភើបរីករាយដែលបងប្អូនជនជាតិដើមភាគតិចបានរៀបចំកម្មវិធីសែនព្រេនតាមប្រពៃណីដើម្បីទទួលស្វាគមន៍រូបលោកដែលមកកាន់តំណែងជាអភិបាលខេត្តមណ្ឌលគិរី។
លោកក៏បានបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកជាពិសេសលោកតាស្រុះ យាយផ្លុំ (ភ្នំដោះក្រមុំ) សូមជួយរក្សាការពារ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនជនជាតិដើមភាគតិចទាំងអស់សូមមានសុខភាពល្អនិងចៀសផុតពីជំងឺតម្កាត់នានា។
បន្ថែមលើសនេះលោកអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាបងប្អូនជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរី ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សូមរួសរាន់ទៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងដែលរដ្ឋបាលក្រុង/ស្រុកបានកំណត់ជូនប្រជាពលរដ្ឋជាពិសេសត្រូវបន្តចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ៣កុំនិង៣ការពារ៕





