ដុំមាសដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ  នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលីដើម្បីផលិតបានជាមាសទឹក៩៩%

ដុំមាសដែលចម្រាញ់បានពីការដ្ឋានអាជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលីដើម្បីផលិតបានជាមាសទឹក៩៩%

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញ៖ ផលិតផលដុំមាសដែលចម្រាញ់បានពីការដ្ឋានអា​ជីវកម្មរ៉ែមាសអូរខ្វាវ នឹងយកទៅបន្សុទ្ធបន្ថែមនៅរោងចក្របន្សុទ្ធមាសដែលមានទីតាំងនៅប្រទេសអូស្រ្តាលីដើម្បីផលិតបានជាមាសទឹក៩៩%។

នេះបើតាមការបញ្ជាក់របស់លោក អ៊ឹង ឌីប៉ូឡា អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែគិតមកដល់ពេលនេះដំណើរការចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន Renaissance Mineral (Cambodia) Co.,Ltd. វិវឌ្ឍទៅមុខយ៉ាងរលូនតាមផែន​ការផលិតកម្មរបស់ក្រុមហ៊ុនក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នជាតិពាក់ព័ន្ធ។

Sponsor

លោក អ៊ឹង ឌីប៉ូឡា បានប្រាប់ឲ្យដឹងថាការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពចម្រាញ់ចេញជាដុំមាសកម្រិត ៩០% (Gold Doré Bars) បានប្រមាណ ៣ តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន ៨ ឆ្នាំ ។ ការធ្វើអាជីវកម្មរ៉ែមាសនេះ នឹងស្រូបទាញកម្លាំងពលកម្មសរុបប្រមាណ ៤៦២ នាក់ក្នុងនោះជនជាតិខ្មែរមានចំនួន ៤២៧ នាក់។ លោកបញ្ជាក់ថាចំណូលថវិកាជាតិពីសួយសារនិងសារ​ពើពន្ធផ្ទាល់មានប្រមាណ ៤០លានដុល្លារអាមេរិក។

ជាមួយនឹងផលប្រយោជន៍សេដ្ឋកិច្ចខាងលើដំណើរការការ​ដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសមួយនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការបង្កើតសមត្ថភាពជាតិនិងគំរូឧស្សាហកម្មថ្មីមួយសម្រាប់ការធ្វើអាជីវកម្មធនធានរ៉ែ​ប្រក​ប​ដោយការទទួលខុសត្រូវ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ផលិតផលដុំមាសនេះ គឺជាសិមិទ្ធផល និងជាប្រភពចំណូលថ្មីមួយ ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនចំណូលរដ្ឋ និងជាវិភាគទានដ៏សំខាន់មួយ សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្ន និងអនាគត។
អគ្គនាយក នៃអគ្គនាយកដ្ឋានធនធានរ៉ែ បានឲ្យដឹងថា ក្រសួងបានផ្តល់អាជ្ញាប័ណ្ណស្វែងរុករករ៉ែលោហៈចំនួន២៦ ក្នុងនោះក្រុមហ៊ុនចំនួន ១៦ មកពីប្រទេសចិន អូស្ត្រាលី កាណាដា និងកម្ពុជា បានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម។
បើតាមលោក អ៊ឹង ឌីប៉ូឡា គម្រោងសិក្សាស្រាវជ្រាវទាំងនោះ ស្ថិតនៅក្នុងដំណាក់កាលវាយតម្លៃសក្តានុពលធនធានរ៉ែ និងមួយចំនួន ទៀតកំពុងរៀបចំជារបាយការណ៍ សិក្សាសមិទ្ធលទ្ធភាព នៃជម្រកធនធនរ៉ែនៅឡើយ ដូចនេះក្រុមហ៊ុនទាំងនោះ ពុំទាន់អាចវាយតម្លៃថា គម្រោងរបស់ខ្លួន ជាការសិក្សាស្រាវជ្រាវ ផ្តោតតែលើរ៉ែមាស ឬលោហៈផ្សេងទៀតនៅ ឡើយទេ។
សូមបញ្ជាក់ថានៅឆ្នាំ ២០២២នេះ មានក្រុមហ៊ុនរុករករ៉ែមាសចំនួន ៤ទៀត នឹងចាប់ផ្តើមធ្វើអាជីវកម្មចម្រាញ់រ៉ែមាសជាផ្លូវការរបស់ខ្លួន ដែលក្នុងនោះ ៣ក្រុមហ៊ុនត្រូវបានវិនិយោគដោយក្រុមហ៊ុនចិន មានទីតាំងនៅខេត្តព្រះវិហារ ក្រចេះ និងមណ្ឌលគិរី ដោយចាប់ផ្តើមនៅក្នុងឆ្នាំ២០២២ និងមួយទៀតជាក្រុមហ៊ុនឥណ្ឌា Mesco Gold ដែលមានទីតាំងនៅខេត្តរតនគិរីនឹងអាចចាប់ផ្តើមនៅចុងឆ្នាំនេះ។ ការចាប់ផ្តើមការធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនទាំងនោះ នឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម នៅកម្ពុជា តាមរយៈរាជរដ្ឋាភិបាលទទួលបានចំណូលពីសួយសារ និងពន្ធអាករផ្សេងៗ និងបង្កើតការងារដល់ប្រជាពលរដ្ឋនៅក្នុងស្រុក៕