សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រះសីហ​នុហើយដេីម្បីបេីកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅដល់ក្រុងព្រះសីហ​នុហើយដេីម្បីបេីកវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ព្រះសីហនុ​:​ នៅថ្ងៃទី១៨ខែមករាឆ្នាំ២០២២នេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រធានអាស៊ានឆ្នាំ២០២២បានអញ្ជើញទៅដល់ក្រុងព្រះសីហនុហើយដើម្បីអញ្ជើញជាអធិបតីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលនឹងធ្វើឡើងនៅរសៀលថ្ងៃនេះ។

វេទិកាទេសចរណ៍អាស៊ានជាវេទិកាដ៏មានសារសំខាន់ជំរុញផ្សព្វផ្សាយវិស័យទេសចរណ៍របស់ប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន។
មុនពេលមកដល់នៃវិបត្តិកូវីដ-១៩ក្នុងឆ្នាំ២០១៩ប្រទេសសមា​ជិកអាស៊ានគឺជាទីតាំងសម្រាប់លំហែកកាយនិងដំណើរកម្សាន្តដ៏ទាក់ទាញមួយ។

Sponsor

របាយការណ៍បានបង្ហាញថាអ្នកទេសចរណ៍អន្តរជាតិចូលមកអាស៊ានមានរហូតដល់ប្រមាណ ១៣៦,២៤លាននាក់ កំណើនប្រមាណ៧ភាគរយហើយបង្កើតការងារផ្ទាល់ប្រមាណ ៣០លាននាក់វិស័យទេសចរណ៍នេះបានផ្តល់ចំណូលប្រមាណ១០ភាគរយនៃផលិតផលសរុបរបស់អាស៊ាន។
តែនៅឆ្នាំ២០២០ទេសចរអន្តរជាតិចូលមកទស្សនាអាស៊ាន មានត្រឹមប្រមាណ២៥.៩៦លាននាក់ប៉ុណ្ណោះធ្លាក់ចុះប្រមាណ ៨០.៥ភាគរយចំណូលពីទេសចរណ៍ធ្លាក់ចុះរហូតដល់ ៧៥.៨ភាគរយ។
វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ដែលរៀបចំឡើងនៅកម្ពុជាគឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀតក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ១៩រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានបង្ហាញក្តីសង្ឃឹមរបស់ខ្លួនថាវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោល​ដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។
លោកបានបង្ហាញសុទិដ្ឋិនិយមថាព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករាឆ្នាំ២០២២ការសម្រេចរៀបចំវេទិកាទេសចរណ៍អាស៊ាន២០២២ដោយផ្ទាល់លើកនេះឈរលើមូលដ្ឋាននៃការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ, ភាពសាំសហគមន៍,ប្រសិទ្ធភាពនៃការគ្រប់គ្រងការរីករាលដាលជំងឺកូវីដ-១៩, ការអនុវត្តវិធាន S.O.P. ក៏ដូចជាយុទ្ធសាស្ត្រស្តីពីការរស់នៅតាមគន្លងប្រក្រតីភាពថ្មីក្នុងបរិបទជំងឺកូវីដ-១៩កត្តាទាំងនេះចូលរួមផ្តល់ភាពជឿជាក់ដល់ប្រតិភូជាតិ និងអន្តរជាតិព្រមទាំងអាចចូលរួមផ្សព្វផ្សាយកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាពចាប់ពីឆ្នាំ២០២២។

វេទិកាទេសចរណ៍អាស៊ានលើកទី៤០នឹងភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនមានដូចជា៖ កិច្ចប្រជុំថ្នាក់ស្ថាប័នជាតិទេសចរណ៍អាស៊ាន (ASEAN NTO), កិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ, ព្រឹត្តិការណ៍អម និងការតាំងពិព័រណ៍ទេសចរណ៍ (Travel Exchange/ Travex) ខ្នាតតូចល្មម។
ព្រឹត្តិការណ៍នេះក៏មានការចូលរួមពីដៃគូសន្ទនាដូចជា៖ អង្គការទេសចរណ៍ពិភពលោក (UNWTO), សមាគមទីភ្នាក់ងារទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) និងសមាគមទេសចរណ៍អាស៊ាន (ASEANTA)។ ភ្ញៀវកិត្តិយស ដែលចូលរួមមានដូចជា៖ លោក Bruno BODARD អគ្គនាយកក្លឹបឆ្នេរ (The Most Beautiful Bay Club) និងគោលដៅទេសចរណ៍មេគង្គ (Destination Mekong)។
វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ក៏មានការដាក់លក់ទំនិញផ្សេងៗរហូតដល់ទៅ ១៨៧ស្តង់ ក្នុងនោះស្តង់អន្តរជាតិមានចំនួន ៦១ស្តង់ និងស្តង់ក្នុងស្រុកចំនួន ១២៦ស្តង់ មកពីឥណ្ឌូនេស៊ី ម៉ាឡេស៊ី ភូមា ហ្វីលីពីន និងថៃជាដើម៕