ភ្នំពេញ: យោងតាមប្រភពព័ត៌មានបឋមឱ្យដឹងថានៅវេលាម៉ោង០៥ទៀបភ្លឺស្ត្រីរងគ្រោះបានទៅលេងមិត្តភក្តិនៅបន្ទប់លេខ៨០២នៅជាន់ទី០៨ដោយនាងបានខលទៅមិត្តភក្តិជាច្រើនលើកច្រើនសារតែមិត្តភក្តិមិនទទួលទូរស័ព្ទដោយសារកំពុងលង់លក់ក្នុងដំណេក ។
កាលពីព្រឹកថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២២ស្ត្រីម្នាក់បានសម្រេចចិត្តលោតពីលើអគារខុនដូរជាន់ទី០៨មួយកន្លែងស្ថិតតាមបណ្តោយផ្លូវលេខ២៧១ក្នុងភូមិសន្សំចំរើនផល៤សង្កាត់បឹងទំពន់ទី១ខណ្ឌមានជ័យបណ្តាលអោយស្លាប់នៅហ្នឹងកន្លែងបង្កអោយមានការភ្ញាក់ផ្អើល ។
ស្ត្រីរងគ្រោះខាងលើឈ្មោះ អៀម រដ្ឋា អាយុ២៧ឆ្នាំមានស្រុកកំណើនៅឃុំអង្គរជ័យខេត្តកំពត ។
បន្ទាប់ពីទំនាក់ទំនងទូរស័ព្ទពីមិត្តភក្តិមិនលើកហើយនោះស្ត្រីរងគ្រោះបានដើរចូលក្នុងបន្ទប់ដាក់អីវ៉ាន់ក្បែរនោះហើយក៏សម្រេចចិត្តបើកបង្អួចលោតពីលើអគារខុនដូរជាន់ទី០៨មកដល់ក្រោមដីបណ្តាលអោយស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមតែម្តង ។
កម្លាំងសមត្ថកិច្ចមូលដ្ឋានរួមជាមួយជំនាញបានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុដើម្បីធ្វើកោសល្យវិច័យពិនិត្យលើសាកសពនិងសាកសួរនាំព័ត៌មានបន្ថែម ។
ជុំវិញករណីនេះអធិការរងនគរបាលខណ្ឌមានជ័យទទួលផែនយុត្តិធម៌លោក កឹម កល្យាណ បានអោយដឹងថាបន្ទាប់ពីធ្វើកោសល្យវិច័យពិនិត្យលើសពនិងសាកសួរនាំព័ត៌មានរួចមក ករណីនេះគឺជាការធ្វើអត្តឃាតសម្លាប់ខ្លួនឯងពុំមែនជាករណីឃាតកម្មនោះឡើយ ។
សាកសពត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តយកទៅកាន់វត្តស្ទឹងមានជ័យដើម្បីតម្កល់នៅទីនោះបណ្តោះអាសន្នរង់ចាំទំនាក់ទំនងទៅកាន់សាច់ញាតិដើម្បីទៅទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។
ស្ត្រីជាមិត្តភក្តិជនរងគ្រោះបានបញ្ជាក់ថាស្ត្រីរងគ្រោះគឺឧស្សាហ៍ពិបាកចិត្តញឹកញាប់ណាស់ហើយនាងក៏ចេះតែមានបញ្ហាផ្ទាល់ខ្លួនជាបន្តបន្ទាប់ផងដែរនៅវេលាកើតហេតុបើនាងដឹងថាស្ត្រីរងគ្រោះជាមិត្តភក្តិមកលេងបន្ទប់នាងក៏បើកទ្វារទទួលផងដែរប៉ុន្តែមិនបានដឹងសោះព្រោះនាងបានបិទសម្លេងទូរស័ព្ទហើយសម្រាកបាត់ទៅហើយលុះព្រឹកឡើងទើបប៉ូលិសហៅសួរនាំអំពីការស្លាប់របស់មិត្តភក្តិទើបដឹងរឿងហេតុដែលបានកើតឡើង ៕

