ភ្នំពេញ៖ មួយរយៈចុងក្រោយនេះឈុតដែលច្នៃដោយរូបនិងពណ៌ទង់ជាតិខ្មែរត្រូវបានគេកែច្នៃយ៉ាងគគ្រឹកគគ្រេងពិសេសការថតរូបកម្សាន្តនៅលើទឹកដៃតំបន់អង្គថែមទៀតផងបានកា្លយជាប្រធានបទក្តៅគគុករហូតមានការវែកញែកជាហូរហែនោះគឺក្រោយពីតារាចម្រៀង តន់ ច័ន្ទសីម៉ា និងយុវតីជាច្រើនបានបង្ហាញមុខក្នុងការផលិតបទចម្រៀងមួយបទនៅខេត្តសៀមរាបដោយបានទាំងច្នៃឈុតនេះយកមកសម្តែងច្រៀងរាំរហូតក្លាយជាមតិចម្រូងចម្រាស់និងជជែកគ្នាលើបណ្តាញសង្គមរហូតមុននេះ ។
ទោះជាយ៉ាងណាការយកទង់ជាតិខ្មែរមកច្នៃជាម៉ូដសម្លៀកបំពាក់ត្រូវបានធ្វើបន្តបន្ទាប់ជាយូរមកហើយពិសេសក្រោយពីសម្អាងការមួយចំនួននៅរាជធានីភ្នំពេញបានធ្វើការរៀបចំប៉ាក់ឌិនរចនាឡើងនិងធ្លាប់បានសិល្បការិនីជាច្រើនស្លៀកផងដែរ។
មុននេះអាជ្ញាធរជាតិអប្សរាបានបង្ហាញពីការមិនគាំទ្រចំពោះការយក ទង់ ជាតិ ខ្មែរ ទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរជាតិអប្សរាបានដកស្រង់ប្រសាសន៍របស់ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរាបានលើកឡើងកាលពីរសៀលថ្ងៃទី០៧ខែមីនាឆ្នាំ២០២២ថាការយកទង់ជាតិខ្មែរដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀករបំពាក់គឺជាការមិនសមរម្យព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិគឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិទង់ជាតិគឺជានិមិត្តរូបជាតិ ។
លោកបន្តថា ទង់ជាតិ ត្រូវបានគោរព ដោយ ស្មារតីស្នេហាជាតិស្រលាញ់ទឹកដី ជាតិ មាតុ ភូមិ ។
ម្យ៉ាងទៀតទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជនយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញ ច្បាំងការពារជាតិទឹកដីឬទៅបំពេញបេសសកម្មមនុស្សធម៌ នៅក្រៅគឺជាតិតែងដឹងគុណនិងយកទង់ជាតិទៅគ្រងពីលើដើម្បីសម្តែងការគោរពនិងដឹងគុណដូច្នេះការយករូបភាពទង់ជាតិមកធ្វើជាសំលៀកបំពាក់គឺមិនសមរម្យទេព្រោះការយក ទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់អាចជាការប្រមាថ ដូចជានៅពេលដែលគេស្លៀកពាក់គឺគេហាក់បីដូចជាបានអង្គុយលើទង់តំណាងឱ្យជាតិទាំងមូលឬក៏នៅពេលដែល សម្លៀកបំពាក់នោះប្រឡាក់អ្នកខ្លះមិនបានយកទៅបោក សម្អាតទេបែរជាយកទៅទុកចោលជាដើម ។
ឯកឧត្តម ឡុង កុសល មានប្រសាសន៍ថាប្រសិនបើចង់បង្ហាញ ឱ្យឃើញពីទឹកចិត្តស្រឡាញ់ជាតិពិតមែននោះគឺនៅពេលមកទស្សនាតំបន់អង្គរដែលជាសម្បត្តិវប្បធម៌និងបេតិកភណ្ឌរបស់មនុស្សជាតិសូមជួយចូលរួមការពារបរិស្ថានកុំបោសសំរាមចោលនៅក្នុងរមណីយដ្ឋានអង្គរត្រូវធ្វើដំណើរថ្មើជើងចូលតំបន់អង្គរទៅតាមផ្លូវដែលបានរៀបចំជូនកុំដើរជាន់ស្មៅដែលនាំឱ្យខូចសោភ័ណភាពកុំយកអាហារទៅទទួលទាននៅទីតាំងហាមឃាត់ក្នុងតំបន់បេតិកភណ្ឌកុំទិញលក់ដីនិងសង់សំណង់ខុសច្បាប់នៅក្នុងតំបន់ការពារនិងគួរចតយានជំនិះនៅកន្លែង ចំណតដើម្បីកុំឱ្យខូចខាតសណ្ដាប់ធ្នាប់សាធារណៈនិងស្ទះផ្លូវជាដើមទាំងនេះនឹងនាំមកនូវមោទកភាពដល់ជាតិខ្មែរដែរ ៕


