(ភ្នំពេញ)៖ សមត្ថកិច្ចនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃសហការជាមួយនាយកដ្ឋានពន្ធដារបានបញ្ជូនខ្លួនជនសង្ស័យចំនួន៤នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចំណាត់ការតាមច្បាប់ពាក់ពន្ធរឿងក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយៈធ្វើឯកសារបង់ពន្ធនៅរសៀលថ្ងៃទី៩ខែមីនាឆ្នាំ២០២២នេះ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៧ខែមីនាឆ្នាំ២០២២ នៅស្នាក់ការក្រុមហ៊ុនដែលស្ថិតនៅផ្លូវលេខ១៥០ផ្ទះលេខ២៥១Cសង្កាត់ទឹកល្អក់ទី២ខណ្ឌទួលគោករាជធានីភ្នំពេញ ទៅតាមអំណាចដីការបង្គាប់ឲ្យឆែកឆេរលេខ០២ក .ដ.ឆ ចុះថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០២២របស់លោក តាំង ស៊ុន ឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ។
ក្រុមហ៊ុន (Fedtix business solution co.ltd )ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.ក ជាភ្នាក់ងារសេវាកម្មពន្ធដារត្រូវបានកម្លាំងនគរបាលនាយដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ សហការជាមួយនាយកដ្ឋានពន្ធដារបានចុះឆែកឆេរដើម្បីរុករកវត្ថុតាងដែលម្ចាស់ក្រុមហ៊ុនដែលគេអះអាងថាជាមន្រ្តីពន្ធដារបានក្លែងបន្លំឯកសារកឹបកេងលុយរដ្ឋរាប់លានដុល្លារតាមរយះធ្វើឯកសារបង់ពន្ធក្លែងបន្លំ។
ប្រតិបត្តិការនេះដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុត ភីន អនុប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ ក្រោមការចូលរួមសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក សុខ ហេង អនុប្រធាននាយដ្ឋានពន្ធដារនៃអគ្គនាយកដ្ឋានពន្ធដារព្រមទាំងអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានផងដែរ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថាការចុះឆែកឆេរក្រុមហ៊ុន ហ្វេតថាក់ប៊ីហ្សនេសសឹលូសិន ឯ.កនេះបានធ្វើឡើងបន្ទាប់ពីនាយកដ្ឋានពន្ធដារបានធ្វើការស្រាវជ្រាវឃើញថាម្ចាស់ក្រុមហ៊ុនបានឃុបឃិតគ្នាក្លែងបន្លំឯកសារបង់ពន្ធដើម្បីកឹបកេងប្រាក់បង់ពន្ធរបស់រដ្ឋដែលមានទឹកប្រាក់រាបលានដុល្លារសហរដ្ឋអាមេរិក។
នៅក្នុងការឆែកឆេរសមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖
កំព្យូទ័រជាច្រើនគ្រឿងម៉ាស៊ីនកាមេរាឧបករណ៍អេឡិចត្រូនិច ជាច្រើនគ្រឿង, ឯកសារ និងត្រាជាច្រើន ទៀតព្រមទាំងឃាត់ខ្លួនបុគ្គលិកចំនួន៥នាក់ ទៅសាកសួររួមមាន៖
*ទី១៖ ឈ្មោះ ហ៊ត លីហុង ភេទប្រុសជាប្រធានគណនេយ្យតំណាងក្រុមហ៊ុន
*ទី២៖ ឈ្មោះ ហ៊ុល ស្រីលី ភេទស្រី អាយុ២៣ឆ្នាំ
*ទី៣៖ ឈ្មោះ ឡែម រ័ត្ន ភេទស្រី អាយុ២៥ឆ្នាំ
*ទី៤៖ ឈ្មោះ ហុង ចានវុទ្ធី ភេទប្រុស អាយុ៤៧ឆ្នាំ
*ទី៥៖ ឈ្មោះ កុត សម្បត្តិ។
ពួកគេត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋានសន្តិសុខផ្ទៃក្នុងដើម្បីសាកសួរ។
ចំណែកទីតាំងក្រុមហ៊ុនត្រូវបានសមត្ថកិច្ចបិទសៀលឃ្លុំបេជាបណ្តោះអាសន្ន។
នៅក្នុងថ្ងៃប្រតិបត្តការនេះដែរសមត្ថកិច្ចបានចុះត្រួតពិនិត្យឆែកឆេរផ្ទះចំនួន២ទៀតនៅក្នុងខណ្ឌឬស្សីកែវ១កន្លែងនិងខណ្ឌពោធិ៍សែនជ័យ១កន្លែងទៀត៕

