ស្វាយរៀង៖ ករណីផ្ទុះអាវុធមួយគ្រាប់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកអន្តរាគមន៍និងពិនិត្យកន្លែងកេីតហេតុក៏ប្រទះឃើញបុរសម្នាក់ដេកក្នុងថ្លុកឈាមភ្លាមៗនោះសមត្ថកិច្ចដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបតែអកុសលជនរងគ្រោះបានស្លាប់បាតទៅហើយ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី១១ខែមីនាឆ្នាំ២០២២ស្ថិតនៅក្នុងភូមិត្រពាំងកំពឹសឃុំខ្សែត្រស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
លោក ហែម សាមុត អធិការនគរបាលស្រុកកំពង់រោទ៍បានឱ្យដឹងថាបុរសរូបនេះមានឈ្មោះ សួន តេជះ អាយុ៣៤ឆ្នាំមុខរបរមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃមានទីលំនៅរាជធានីភ្នំពេញតែបានមកស្នាក់នៅផ្ទះបងប្អូនចំណុចភូមិត្រពាំងកំពឹស ឃុំខ្សែត្រស្រុកកំពង់រោទ៍។
លោកបញ្ជាក់ថាបុរសនេះបានយកកាំភ្លើងម៉ាកឡុកពណ៌ខ្មៅលាយទឹកមាសបាញ់សម្លាប់ខ្លួនឯង១គ្រាប់នៅត្រង់គល់កខាងឆ្វេងធ្លាយមកឆ្អឹងជំនីខាងស្តាំក្រោយពេលផឹកស្រាបៀរ ABC អស់ជាច្រើនកំប៉ុងបណ្ដាលឱ្យស្រវឹងហើយប្រហែលជាមានចិត្តប្រចណ្ឌប្រពន្ធផងក៏ដាច់ចិត្តគិតខ្លីបាញ់សម្លាប់ខ្លួនឯងតែម្ដង។
ប្រភពបន្តថាបុរសរងគ្រោះបានមកលេងផ្ទះបងប្អូនកន្លែងកើតហេតុអស់រយៈពេល២ថ្ងៃមកហើយចំពោះសម្ភារវត្ថុតាងកាំភ្លើងខ្លីសមត្ថកិច្ចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ ។
ចំណែកសពក្រោយពិនិត្យនិងធ្វើកោសល្យវិច័យរួចត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

