រៃវែង៖ ដោយមានកាអនុវត្តតាមបទបញ្ជារបស់លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានិងក្រោមការដឹកនាំរបស់លោកអគ្គនាយករង កើត សុទ្ធារ៉ា លើចំណាត់ការចំពោះរថយន្តគ្មានពន្ធដែលមានស្រាប់នៅក្នុងស្រុកនាថ្ងៃទី១៨ខែមីនាឆ្នាំ២០២២នៅភូមិឡឹកឃុំរំចេកស្រុកព្រះស្តេចខេត្តព្រៃវែង
មន្ត្រីគយនិងរដ្ឋាករការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់២នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើសបានធ្វើការត្រួតពិនិត្យអនុលោមភាពពន្ធនាំចូលរថយន្តម៉ាក AUDI Q7 ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ 2AE-4537 ដែលជាផ្លាកលេខក្លែងក្លាយ។
នៅពេលត្រួតពិនិត្យក្នុងរថយន្តមន្ត្រីគយបានរកឃើញនូវម្សៅក្រាមនិងថ្នាំគ្រាប់មួយចំនួនដោយសង្ស័យអាចជាសារធាតុញៀនមន្ត្រីគយនិងរដ្ឋាករបានឃាត់ខ្លួនជនសង្ស័យ១រូបនិងចាប់យករថយន្តនិងសារធាតុសង្ស័យបញ្ជូនមកអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាដើម្បីធ្វើតេស្តនិងបន្តនីតិវិធី។
ដោយមានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញមន្ត្រីគយនិងរដ្ឋាករសហការជាមួយមន្ត្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនធ្វើតេស្តបឋមលើសារធាតុសង្ស័យឃើញលទ្ធផលថាជាសារធាតុញៀនខុសច្បាប់ចំនួន៣ប្រភេទមានទម្ងន់សរុប២០,៧៥២.៤ក្រាម ក្នុងនោះប្រភេទ MDMA ១៥,៧៤២ក្រាម, ប្រភេទកេតាមីន៤,៩៩៦ក្រាម, និងមេតំហ្វេតាមីន១៤.៤ក្រាម។
បច្ចុប្បន្នមន្ត្រីគយនិងរដ្ឋាករបានប្រគល់ជនសង្ស័យនិងវត្ថុតាងចាប់យកខាងលើជូនមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមនីតិវិធី៕


