ចិន៖ ក្រោយខិតខំប្រឹងប្រែងយ៉ាងអស់ពីលទ្ធភាពដើម្បីព្យាយាមស្វែងរកជនរងគ្រោះប៉ុន្មានថ្ងៃមកនេះទីបំផុតអាជ្ញាធរចិន បានប្រកាសជាផ្លូវការថាមនុស្សសរុបទាំង១៣២នាក់ធ្វើដំណើរលើយន្តហោះជើងហោះហើរMU5735ដែលធ្លាក់នៅតំបន់ក្វាងស៉ី (Guangxi) ភាគខាងត្បូងប្រទេសចិនកាលពីដើមសប្តាហ៍នេះគឺបានបាត់បង់ជីវិតទាំងអស់។
នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសៅរ៍ទី២៦ខែមីនាឆ្នាំ២០២២។
យន្តហោះដឹកអ្នកដំណើរខាងលើដែលជារបស់ក្រុមហ៊ុនអាកាសចរណ៍ចិនChina Easternនិងមានប្រភេទBoeing 737-800 បានធ្លាក់នៅឯតំបន់ភ្នំក្បែរទីក្រុងវូចូវ (Wuzhou) នៃតំបន់ក្វាងស៉ី (Guangxi) កាលពីថ្ងៃចន្ទសប្តាហ៍នេះក្នុងគោលដៅធ្វើដំណើរពីទីក្រុងគួនមីង(Kunming)នៃខេត្តយូនណាន (Yunnan)ឆ្ពោះទៅកាន់ទីក្រុងក្វាងចូវ(Guangzhou)នៃខេត្តក្វាងទុង(Guangdong)នៅលើនោះមានវត្តមានអ្នកដំណើរ១២៣នាក់និងក្រុមការងារយន្តហោះ៩នាក់។
គួរបញ្ជាក់ថាមកទល់ពេលនេះប្រអប់ខ្មៅទី១ដែលជាឧបករណ៍ថតសំឡេងនៅកាប៊ីនយន្តហោះត្រូវបានរកឃើញខណៈប្រអប់ខ្មៅមួយទៀតដែលជាឧបករណ៍កត់ត្រាទិន្នន័យហោះហើរនៅមិនទាន់រកឃើញនៅឡើយ។
ជាមួយគ្នានេះមូលហេតុនៃការធ្លាក់យន្តហោះក៏មិនទាន់អាចត្រូវសន្និដ្ឋានបានផងដែរខណៈតួយន្តហោះភាគច្រើនបានក្លាយទៅជាបំណែកតូចៗក្រោយពេលធ្លាក់ហើយបំណែកសាកសពមនុស្សមួយចំនួនត្រូវបានរកឃើញ៕

