សាលាឧទ្ធរណ៍សម្រេចដោះលែងជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភនិងបក្ខ​ពួក​៣នាក់អោយមានសេរីភាពឡើងវិញ

សាលាឧទ្ធរណ៍សម្រេចដោះលែងជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភនិងបក្ខ​ពួក​៣នាក់អោយមានសេរីភាពឡើងវិញ

ទំនាក់ទំនង៖ 077 818 318
ចែករំលែកព័ត៌មានទៅកាន់៖

ភ្នំពេញៈ​ យោងតាមសេចក្តីប្រកាសព័ត៌មាន​របស់អ្នកនាំពាក្យសាលា​ឧទ្ធរណ៍និងមហាអយ្យការអមសាលាឧទ្ធរណ៍កាលពីថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០១៩នេះសាលាឧទ្ធរណ៍សម្រេចដោះលែង ជនជាប់ចោទ ថោង សារ៉ាត់ អ្នកមានដ៏ស្តុកស្តម្ភនិងបក្ខ​ពួក​៣នាក់អោយមានសេរីភាពឡើងវិញក្រោយជាប់ពន្ធនាគារជិត៥ឆ្នាំពាក់ព័ន្ធករណីបាញ់សម្លាប់ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែស៊ីម៉ង់ត៍សញ្ញាត្បូងពេជ្រកាលពីចុងឆ្នាំ២០១៤ ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍ថ្លែងថាក្រុមប្រឹក្សាជំនុំជម្រះបានជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៧២៣ចុះថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០១៩អស់រយៈពេល៥លើកដែលមានជនជាប់ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- សៀង វាសនា ៣- កួយចាន់ថុល ៤- មាស សម្បត្តិ ហៅ ទូច និង ៥- ឈ្មោះ ឃុន ចិត្រា ដែលត្រូវបានជាប់ចោទពីបទផ្ដើមគំនិតក្នុងអំពើឃាត​កម្មគិតទុកជាមុនតាមមាត្រា២៨ ,មាត្រា២០០នៃក្រមព្រហ្មទណ្ឌអំពើឃាតកម្ម​គិតទុកជាមុនតាមបញ្ញត្តិមាត្រា២០០នៃ​ក្រមព្រហ្មទណ្ឌសមគំនិតក្នុងអំពើឃាតកម្មគិត​ទុកជាមុនតាមបញ្ញត្តិមាត្រា២៩មាត្រា២០០នៃក្រមព្រហ្មទណ្ឌ ។

Sponsor

តាមរយៈសវនាការនេះក្រោយពីបានពិនិត្យ​សំណុំរឿង​និងលទ្ធផលនៃការសួរតទល់នាពេលសវនាការនឹងភស្តុតាង ក្រុមប្រឹក្សាជំនុំជម្រះយល់ថាមានភាពចាំបាច់ត្រូវធ្វើការអង្កេតបន្ថែមដើម្បីជាប្រយោជន៍យុត្តិធម៌នៃសំណុំរឿងនិង​បានសម្រេចចាត់របៀបស៊ើបអង្កេតហើយក្នុងអំឡុងពេលនៃកិច្ចស៊ើបអង្កេតនេះមេធាវីការពារក្តីរបស់ជនជាប់ចោទ៤រូប បានដាក់ពាក្យសុំនៅក្រៅឃុំបណ្តោះអាសន្ននិងមានការ​បញ្ជាក់ពីមូលហេតុជាអំណះអំណាង ។

អ្នកនាំពាក្យសាលាឧទ្ធរណ៍បន្តថាការបើកការស៊ើបសួរបន្ថែមអាចត្រូវការរយៈពេលយូរបន្ថែមទៀតដោយសារសំណុំរឿងនេះមានលក្ខណៈស្មុគស្មាញព្រមជាមួយគ្នានេះកម្រិតនៃភស្តុតាងទាក់ទងនឹងជនជាប់ចោទដែលបានដាក់​ពាក្យសុំនៅមានកម្រិតហើយក្រុមប្រឹក្សាយល់ថាការអោយនៅក្រៅឃុំបណ្តោះអាសន្ននេះដោយសារពុំមាន​តម្រុយ​ភស្តុតាងណាមួយដែលបញ្ជាក់ពី​មូលហេតុចាំបាច់នៃការឃុំខ្លួនបណ្តោះអាសន្នតាមមាត្រា២០៥នៃក្រមនីតិវិធីព្រហ្មទណ្ឌទេ។

ក្នុងចំណោមជនជាប់ចោទទាំង៤នាក់នេះក៏មានជនជាប់ចោទដែលមានសុខភាពទ្រុឌទ្រោមគប្បីមានភាពងាយស្រួលក្នុងការថែ​ទាំព្យាបាលដោយពេទ្យជំនាញឯកទេសផងដែរ ។

ការដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះត្រូវបានជំនួសដោយការដាក់ឲ្យជនជាប់ចោទស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការតាមលក្ខខណ្ឌចំពោះជនជាប់​ចោទឈ្មោះ ១- ថោង សារ៉ាត់ ២- ហួយចាន់ថុល ៣- មាស សម្បត្តិ ហៅ ទូច និង ៤- ឈ្មោះ ឃុន ចិត្រា ដូចខាងក្រោម
១- ជនជាប់ចោទមិនត្រូវចាកចេញពីព្រះរាជាណាចក្រកម្ពុជា ដោយមិនមានការអនុញ្ញាត​ពីតុលាការ ។
២- ហាមផ្លាស់ប្តូរលំនៅដ្ឋាន ។
៣- ត្រូវបង្ហាញខ្លួននៅការិយាល័យស្នងការនគរបាលរាជធានីភ្នំពេញរៀងរាល់សប្តាហ៍ទី១រៀងរាល់ខែ ។
៤- ចូលបង្ហាញខ្លួនតាមការកោះហៅរបស់តុលាការ ឬ អាជ្ញាធរមានសមត្ថកិច្ចដែលចាត់តាំងដោយតុលាការ ។

ការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះដោយផ្អែកទៅលើមាត្រា៣៨នៃរដ្ឋធម្មនុញ្ញមាត្រា២០៣មាត្រា២០៥ មាត្រា២២០មាត្រា២២៣មាត្រា២២៦មាត្រា៣០៧មាត្រា ៣៨៧មាត្រា៣៩៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ។

គួររំលឹកថាហេតុការណ៍បាញ់សម្លាប់លោកឧកញ៉ា អ៉ឹង ម៉េង ជឺ ដ៏កក្រើករាជធានីភ្នំពេញនេះបានកើតឡើងកាលវេលា​ម៉ោង​៧និង១៨នាទីយប់ថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០១៤ខណៈ​ពេល លោកឧកញ៉ាចុះពីរថយន្តឡិចស៊ីស៥៧០ដើម្បីទៅទិញផ្លែឈើនៅមុខ​ហាងលក់ផ្លែឈើ ឡោ តិចសេង ស្ថិតនៅផ្លូវលេខ២៧៤សង្កាត់ទួលស្វាយព្រៃទី២ខណ្ឌចំការមនរាជធានីភ្នំពេញ ។

សូមជម្រាបថាសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលថ្ងៃទី២៦ខែមីនាឆ្នាំ២០១៩កន្លងទៅប្រកាសសាលក្រមផ្តន្ទា ទោសលោក ថោង សារ៉ាត់ អ្នកមានស្តុកស្តម្ភនិង អង្គរក្ស៤នាក់ដាក់ពន្ធនាគារអស់មួយជីវិតករណីបាញ់សម្លាប់ ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែ ស៊ីម៉ង់ សញ្ញាត្បូងប៉ុន្តែក្រោយសំណុំរឿងដល់សាលាឧទ្ធរណ៍ក៏មានការសម្រេចដោះលែងអោយនៅក្រៅឃុំបណ្តោះអាសន្នតែម្តង ៕