ភ្នំពេញៈ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះប្រតិបត្តិការស្រាវជ្រាវសហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ក្នុងនោះមេខ្យល់ប្រុសស្រីចំនួន៣នាក់នារីរងគ្រោះចំនួន០២នាក់អនីតិជនម្នាក់ពាក់ព័ន្ធករណីការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន(ពីប្រទេសកម្ពុជាឆ្លងកាត់ប្រទេសវៀតណាមទៅប្រទេសចិន) ។
ប្រតិបត្តិការនេះដោយមានការចង្អុលបង្ហាញពីឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញសម្របសម្រួលពីលោកកែវសុធាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញនិងមានការបញ្ជាផ្ទាល់ដោយលោកឩត្តមសេនីយ៍ទោចាន់កិត្តិខុមស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជាធនីភ្នំពេញធ្វើការឃាត់ខ្លួួនជនសង្ស័យប្រុសស្រី៥នាក់ក្នុងនោះមេខ្យល់ប្រុសស្រីចំនួន៣នាក់កាលពីវេលាម៉ោង១១និង២៥នាទីព្រឹកថ្ងៃទី០៥ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចចំណតរថយន្តក្រុង(វ៉ាងរ៉ិច)ផ្លូវលេខ១៤៤កែងផ្លូវលេខ៤៩សង្កាត់ផ្សារថ្មី៣ខណ្ឌដូនពេញរាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថាជនសង្ស័យប្រុសស្រីទាំង០៣នាក់ពាក់ព័ន្ធករណីជួញដូរមនុស្សឆ្លងដែនទី១.ឈ្មោះពៅដែនភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុនទី២.ឈ្មោះរ៉នសុភាភេទប្រុសអាយុ២១ឆ្នាំជនជាតិខ្មែរមុខរបរសន្តិសុខនិងទី៣.ឈ្មោះចិត្តស្រីពេជ្រភេទស្រីអាយុ២៧ឆ្នាំជនជាតិខ្មែរមុខរបរបម្រើការងារខារ៉ាអូខេចំណែកនារីរងគ្រោះចំនួន០២នាក់ក្នុងនោះជាអនីតិជនម្នាក់។
នគរបាលជំនាញបានឲ្យដឹងថាមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនធ្វើការស្រាវជ្រាវជាច្រើនថ្ងៃរហូតដល់ស៉ីជំរៅបានចុះទៅឃាត់ខ្លួនស្រ្តីសង្ស័យភ្លាមៗតែម្ដងនាំមកការិយាល័យជំនាញដើម្បីធ្វើការសាកសួរ។
យោងតាមនារីរងគ្រោះបានរៀបរាប់ឲ្យដឹងថាមុនពេលពួកនារីរងគ្រោះសម្រេចចិត្តទៅប្រទេសចិនគឺមានស្រ្តីម្នាក់ដែលជាមេខ្យល់បានទាក់ទងនិងលួងលោមថាបើប្អូនៗព្រមទៅប្រទេសចិនពេលទៅដល់ភ្លាមនិងទទួលបានក្នុងម្នាក់ពី២០០០$ទៅ៣០០០ដុល្លារអាមេរិកហើយរាល់ការធ្វើឯកសារនិងធ្វើដំណើរគឺមានអ្នករាប់រងទាំងអស់តែម្ដង។
នារីរងគ្រោះបានបន្តទៀតថាពេលនោះពួកនាងបានសួរថាគាត់ពុំមានលិខិតឆ្លងដែនទេនារីមេខ្យល់ក៏បានប្រាប់ថាណឹងនាំទៅធ្វើលិខិតឆ្លងដែនព្រោះធ្វើតែ១ថ្ងៃបានហើយពេលដែលទទួលបានលិខិតឆ្លងដែនរួចហើយធ្វើដំណើរទៅតាមច្រកព្រំដែនអន្តរជាតិបាវិតនៅពេលទៅដល់ហូជិមិញគឺមានមេខ្យល់ចាំទទួលដើម្បីនាំឆ្លងដែនទៅប្រទេសចិនតែម្ដង។
បច្ចុប្បន្នជនសង្ស័យប្រុសស្រីជាមេខ្យល់ទាំង៣នាក់ត្រូវបានកម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននាំមកសាកសួរួចឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ចំណែកនារីរងគ្រោះទាំង០២នាក់ត្រូវបាននគរបាលប្រគល់ជូនមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ។



