ភ្នំពេញៈ អគ្គិភ័យមួយបានឆាបឆេះអគាររោងចក្រកាត់ដេរអាវហែលទឹកចំនួន២ខ្នងដែលបង្កឡើងដោយសារតែផ្ទុះធុងហ្គាសបណ្ដាលឲ្យបុរសជនជាតិចិនម្នាក់រងរបួសយ៉ាងដំណំ និងត្រូវគេបញ្ជូនបន្ទាន់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗដែរ។
ហេតុការណ៍នោះកើតឡើងកាលពីម៉ោង២រសៀលថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩នៅក្នុងរោងចក្រកាត់ដេរយីហោអេឃ្វេភើហ្វមេនស៍ខេមបូឌាស្ថិតនៅក្នុងភូមិអន្លង់គងថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានបានឲ្យដឹងថារោងចក្រដែលត្រូវអគ្គីភ័យឆាបឆេះនោះគឺជារោងចក្រកាត់ដេរខោអាវហែលទឹកដែលមានម្ចាស់ទីតាំងឈ្មោះ អ៊ឹង ប៊ុនប៉េង ហើយអគារដែលត្រូវភ្លើងឆេះនោះមានមាន២អគារដែលក្នុង១អគារៗទំហំទទឹងប្រវែង៨០ម៉ែត្រគុណនឹងបណ្ដោយ១០០ម៉ែត្រ ។
ប្រភពដដែលបន្តថានៅមុនពេលកើតហេតុនៅក្នុងរោងចក្រនេះមិនមានកម្មករធ្វើការឡើយដោយសារតែចំថ្ងៃបុណ្យឯករាជ្យជាតិនិងបុណ្យអុំទូកប៉ុន្តែនៅពេលកើតហេតុគេបានបានឮស្នូរសំឡេងផ្ទុះលាន់យ៉ាងកក្រើកបន្ទាប់មកក៏បានឃើញមានផ្សែងហុយនិងអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលតែម្ដង។
ប្រភពដដែលបានបន្តថាខណៈនោះអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ភ្លាមៗដោយបានហៅរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅបាញ់ពន្លត់ប៉ុន្តែរយៈពេល១ម៉ោងទៅហើយភ្លើងមិនបានរលត់នៅឡើយហើយរថយន្តពន្លត់អគ្គិភ័យនៅតែបន្តទៅបាញ់ពន្លត់ជាបន្តបន្ទាប់ដដែល ចំណែកទំហំនៃការខូចខាតក៏នៅមិនទាន់ដឹងនៅឡើយដែរ៕





