ខេត្តបន្ទាយមានជ័យ: ជនសង្ស័យប្រុសស្រី២នាក់ពាក់ព័ន្ធករណីលួចដូចគ្នាត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួនក្នុងថ្ងៃតែមួយរួចប្រគល់ឲ្យនគរបាលក្រុងប៉ោយប៉ែតកាលពីរសៀលថ្ងៃទី១២វិច្ឆិកា២០១៩។
សមត្ថកិច្ចបានអោយដឹងថាជនសង្ស័យទាំង២ម្នាក់ឈ្មោះ គង់ ឧត្តម ភេទប្រុសអាយុ២៩ឆ្នាំស្នាក់នៅភូមិក្បាលស្ពានមួយសង្កាត់និងក្រុងប៉ោយប៉ែតនិងមានទីលំនៅភូមិក្តីត្នោតឃុំស្រែថ្មីស្រុករលៀប្អៀរខេត្តកំពង់ឆ្នាំងនិងម្នាក់ទៀតភេទស្រី មិនស្គាល់អត្តសញ្ញាណព្រោះត្រូវបានដោះលែងវិញហើយ។
ជនសង្ស័យទីមួយត្រូវបាននគរបាលការពារព្រំដែនគោកលេខ៩១១ប៉ុស្តិ៍បឹងសាគូធ្វើការឃាត់ខ្លួនដោយសារជនសង្ស័យកន្លងមកធ្លាប់ធ្វើសកម្មភាពដើរលួចទ្រព្យសម្បត្តិអ្នកស្រុកតាមបន្ទប់ជួលជាច្រើនដងប៉ុន្តែបន្សល់នៅរូបភាពជាប់ក្នុងកាមេរ៉ាសុវត្ថិភាពទើបនគរបាលព្រំដែនចាប់បានពេលឃើញមុខសញ្ញារូបនេះ។
ជនសង្ស័យត្រូវបាននគរបាលការពារព្រំដែនប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតដើម្បីចាត់ការបន្ត។
ដោយឡែកជនសង្ស័យស្រីដែលមិនស្គាល់អត្តសញ្ញាណខាងលើត្រូវបានសន្តិសុខមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតឃាត់ខ្លួនករណីលួចទូរស័ព្ទ១គ្រឿងរបស់អ្នកជំងឺក្នុងមន្ទីរពេទ្យ។
ជនសង្ស័យស្រីរូបនេះក្រោយឃាត់ខ្លួនខាងមន្ទីរពេទ្យបានប្រគល់ឲ្យនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ផ្សារកណ្តាលប៉ុន្តែលោក ព្រិម សុផល នាយប៉ុស្តិ៍អះអាងថាបានដោះលែងវិញហើយតាមសំណូមពរម្ចាស់ទូរស័ព្ទគឺមិនប្តឹងហើយសុំត្រឹមអប់រំ។
ម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ចំនួន២គ្រឿងស៊េរីឆ្នាំ២០១៨ និង១គ្រឿងស៊េរីឆ្នាំ២០១១របស់អ្នកជំងឺដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែតត្រូវចោរកាច់សោកលួចទៅបាត់កាលពីយប់ថ្ងៃទី១២វិច្ឆិកានិងម៉ោងជាង៣ទៀបភ្លឺព្រឹកថ្ងៃទី១៣នេះ។
លោក ម៉ារិន នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់និមិត្តប្រាប់តាមទូរស័ព្ទថាម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ដែលបាត់នៅក្នុងមន្ទីរពេទ្យជារបស់លោកគឺចោរកាច់សោកយកទៅបាត់ខណៈលោកចូលទៅសម្រាកព្យាបាលជំងឺនៅទីនោះ។
នាយប៉ុស្តិ៍រូបនេះប្រាប់ថានៅយប់ថ្ងៃទី១២វិច្ឆិកា២០១៩មានម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៨របស់អ្នកជំងឹម្នាក់ក៏ត្រូវចោរកាច់សោកយកទៅបាត់ដូចគ្នា។
គួរបញ្ជាក់ថាអំពើរចោរកម្មនៅក្រុងប៉ោយប៉ែតមួយរយៈចុងក្រោយនេះបានកើតឡើងគួរឲ្យព្រួយបារម្ភ៕

