ភ្នំពេញៈ កម្លាំងជំនាញ(ក៦)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនចុះបង្ក្រាបនិងចាប់ខ្លួនជនជាតិម៉ាឡេស៊ីម្នាក់រួមជាមួយថ្នាំញៀនជាង១គីឡូក្រាមនៅចំណុចផ្ទះលេខ៤Zផ្លូវលេខ១០៣សង្កាត់ផ្សារដើមថ្កូវខណ្ឌចំការមនរាជធានីភ្នំពេញ។
ការចុះប្រតិបត្ដិការបង្ក្រាបនេះអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សារវឿន អគ្គស្នងការនគរបាលជាតិក្រោមការបញ្ជាដឹកនាំដោយផ្ទាល់របស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
ក្នុងនោះកម្លាំងជំនាញ(ក៦)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហម គន្ធី នាយករងមន្ទីរសហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមននិងដឹកនាំសម្របសម្រួលដោយលោក សឿន មុនីរត្ន័ ព្រះរាជអជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
បើតាមមន្ដ្រីមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនបានឲ្យដឹងនៅរសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០១៩នេះថាជនសង្ស័យឈ្មោះ KEK CHIN SENG ភេទប្រុសជនជាតិម៉ាឡេស៊ី កើតថ្ងៃ០៧ខែតុលាឆ្នាំ១៩៨០មុខរបរបម្រើការងារនៅកាស៊ីណូកាន់លិខិតឆ្លងដែនលេខ A37098072។
មន្ដ្រីដដែលរូបនោះបានបញ្ជាក់ទៀតថាក្នុងនោះកម្លាំងនគរបាលបានចាប់យកវត្ថុតាងសារធាតុញៀនរួមមានអ៊ិចស្តាស៊ី១,០៩៩.៨៧ក្រាម,កេតាមីន២៩.៥៥ក្រាម,មេតំហ្វេតាមីន (ICE) ០.៨៨ក្រាម,នីមេតាហ្សេប៉ាម ៤៤.៩៩ក្រាមសរុបរួមទម្ងន់១គីឡូ១៧៥.២៩ក្រាម៕

