បន្ទាយមានជ័យ: បុរសម្នាក់ត្រូវបានបញ្ជូនភ្លាមៗទៅកាន់មន្ទីរពេទ្យប្រទេសថៃក្រោយពីរបួសជាទម្ងន់ដោយការផ្ទុះមីនតោនកាលពីវេលាម៉ោង៣ល្ងាចថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៩នៅចំណុចវាលស្រែមួយកន្លែងស្ថិតក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្ដបន្ទាយមានជ័យ ។
យោងតាមសម្តីលោកវរសេនីយ៍ត្រី ជា ពិសី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកអូរជ្រៅបានប្រាប់ឲ្យដឹងថា ជនរងមានគ្រោះឈ្មោះ ជ្រុន ធឿន ភេទប្រុសអាយុ៣៨ឆ្នាំ រស់នៅភូមិរកុំក្រោមឃុំឬស្សីក្រាំងស្រុកមោងឬស្សីខេត្ដបាត់ដំបង។
លោកវរសេនីយ៍ត្រី ជា ពិសីបានបញ្ជាក់ឲ្យដឹងទៀតថានៅមុនពេលកើតហេតុគឺជនរងគ្រោះបាននិងកំពុងបើកម៉ាសុីនច្រូតស្រូវនៅក្នុងស្រែមួយកន្លែងដេលនៅឆ្ងាយពីភូមិប្រមាណជាប្រហែល៨០០ម៉ែត្រលុះកំពុងតែច្រូតមិនទាន់បានប៉ុន្មានផងស្រាប់តែទៅកិនចំមីនតោនរួចក៏ផ្ទុះឡើងបណ្តាលអោយម៉ាស៊ីនច្រូតប៉ើងឡើងក្រឡាប់បះជើងដាច់ច្រវ៉ាក់រីឯអ្នកបើកបរប៉ើងធ្លាក់មកដីដាច់ដៃស្តាំរងរបួសធ្ងន់។
ក្រោយឮសំឡេងផ្ទុះខ្ទរភូមិបងប្អូនប្រជាពលរដ្ឋក្នុងភូមិក៏នាំគ្នារត់ទៅចោមរោមមើលតែម្តងនិងជួយលើកជនរងគ្រោះដឹកទៅកាន់មន្ទីរពេទ្យ។តែដោយស្ថានភាពរងរបួសមានលក្ខណៈធ្ងន់ធ្ងរក្រុមគ្រួពេទ្យក៏សម្រេចបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យស្រុកអារញ្ញខេត្តស្រះកែវប្រទេសថៃ។
សូមបញ្ជាក់ថាចំនុចកន្លែងកើតហេតុគឺជាសមរភូមិចាស់ ជាកន្លែងប្រទាញប្រទង់គ្នាយ៉ាងស្វិតស្វាញរវាងកងទ័ពរដ្ឋាភិបាលជាកងទ័ពកម្ពុជាប្រជាធិបតេយ្យហើយមីនតោនត្រូវបានគេដាក់តាំងពេលនោះដើម្បីប្រឆាំងជាមួយរថពាស់ដែកនិងរថយន្តធំៗ។


