ខេត្តតាកែវ: ប្រជាពលរដ្ឋដែលរស់នៅកន្លែងផលិតស្ករត្នោតក្លែងក្លាយបានឱ្យដឹងថាសិប្បកម្មកែច្នៃស្ករត្នោតក្លែងក្លាយជាច្រើនកន្លែងក្នុងឃុំចំនួន២នៅស្រុកបាទីខេត្តតាកែវនៅតែដំណើការដដែលនិងមិនបានរំខានដល់មន្ត្រីជំនាញក៏ដូចជាអាជ្ញាធរឡើយបើទោះបីជាកន្លងមកមានការចុះបង្ក្រាបឬបិទជាញឹកញាប់ក៏ដោយក៏មួយរយៈនេះទីតាំងលួចផលិតស្ករត្នោតនេះបានកំរើកឡើងវិញហើយដោយ១ថ្ងៃៗបានដឹកចេញរាបតោន ។
ប្រជាពលរដ្ឋបានឱ្យដឹងទៀតថាកន្លែងធ្វើស្ករត្នោតកែច្នៃនេះ គេឃើញថានៅតែបន្តធ្វើបានដោយរលូនដដែលទោះបីជាកន្លងមកឃើញមានការចុះបង្ក្រាបឬបិទទីតាំងដោយបានហាមឃាត់មិនឲ្យមានការផលិតទៀតក៏ដោយក៏ទីតាំងខាងលើនេះនៅតែបន្តដដែលនិងលែងមានការរំខានពីមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរទៀតហើយ។
ករណីនេះបើសិនជាអាជ្ញាធរនិងមន្ត្រីជំនាញមិនមានការអើពើឬយកចិត្តទុកដាក់បង្រ្កាបហើយនៅតែបន្តឲ្យផលិតតទៅទៀតនោះប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់និងទិញយកទៅបរិភោគផ្ទាល់ដោយមិនបានដឹងថាស្ករពិតឬក្លែងក្លាយនោះនៅថ្ងៃខាងមុខពួកគាត់នឹងជួបបញ្ហានៅជំងឺផ្សេងៗជាក់ជាមិនខានព្រោះថាការផលិតស្ករត្នោតកែច្នៃគឺមិនមែនដាក់តែស្ករ.សមួយមុខប៉ុណ្ណោះទេមិនដឹងថាពួកអ្នកដែលធ្វើទាំងនោះបានដាក់លាយសារធាតុអ្វីខ្លះចូលក្នុងនោះទេទើបបានក្លាយជាស្ករត្នោតបែបនេះ ។




យ៉ាងណាប្រជាពលរដ្ឋបានបង្ហើបឲ្យដឹងថាកន្លងមកគាត់បានឃើញមន្ត្រីជំនាញថ្នាក់ក្រសួងនិងមន្ត្រីជំនាញថ្នាក់ខេត្តក៏ដូចជាអាជ្ញាធរស្រុកបានចុះមកហាមឃាត់បិទម្តងជា២ដងមកហើយហើយខាងមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តក៏ធ្លាប់បានហាមនិងធ្វើពាក្យបណ្តឹងទៅតុលាការហើយដែរតែមិនដឹងថាមូលហេតុអ្វីនោះទេបានជាកន្លែងផលិតស្ករត្នោតក្លែងក្លាយទាំងនោះនៅតែបន្តធ្វើបានដោយរលូនជាបន្តទៀតយ៉ាងនេះឬក៏អាជ្ញាធរដែលពាក់ពន្ធ័ទាំងអស់ត្រូវថ្នាំសណ្តប់ពីក្រុមឈ្មួញទាំងនោះអស់ហេីយ។