ភ្នំពេញៈ ជនសង្ស័យ២នាក់មិនស្គាល់អត្តសញ្ញាណជិះម៉ូតូមួយគ្រឿងប្រដាប់ដោយអាវុធខ្លីបានធ្វើសកម្មភ្ជុងប្លន់ពីស្រ្តីម្នាក់បានសម្រេចរួចគេចខ្លួនដោយសុវត្ថិភាពធ្វើឲ្យស្រ្តីរងគ្រោះមិនហ៊ានស្រែកដោយសារជនសង្ស័យគំរាមបាញ់សម្លាប់ហេតុការណ៍ដែលជនសង្ស័យធ្វើសកម្មភាពនេះនៅវេលាម៉ោង៨ព្រឹកថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៩នៅម្តុំច្រកចូលរោងចក្រប្លូស្កាយស្ថិតក្នុងភូមិទួលពង្រសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ឡាយ ពៅ ភេទស្រីអាយុ៣៨មុខរបរលក់ដូរស្នាក់នៅភូមិទួលពង្រសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញចំណែកម៉ូតូដែលត្រូវជនសង្ស័យប្លន់យកបានសម្រេចនោះម៉ាកហុងដាឌ្រីមពណ៍ក្រហមស៊េរីឆ្នាំ២០២០ ស្លាកលេខ ភ្នំពេញ 1HE-5464 ។
តាមការរៀបរាប់ពីស្រ្តីជនរងគ្រោះបានឲ្យដឹងថាមុនពេលកើតហេតុខ្លួនបានធ្វើដំណើរចេញពីផ្ទះម្តុំបន្ទាយទាហាន (បន្ទាយរថក្រោះ)ក្នុងគោលបំណងស្រាប់តែមកដល់ចំណុះកើតហេតុហើយផ្លូវរៀងស្ងាត់ផងក៏លេចមុខជនសង្ស័យ២នាក់ក្នុងឯសណ្ឋានស្រដៀងសមត្ថកិច្ចបានជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកប្រដាប់ដោយអាវុធខ្លីមួយដើមបានកៀងគាត់ ស្រែកឲ្យឈប់ឲ្យប្រគល់ម៉ូតូឲ្យវាហើយកុំស្រែកប្រយ័ត្នវាបាញ់សម្លាប់ចោលដោយមានការភិតភ័យស្លន់ស្លោទើបព្រមប្រគល់ម៉ូតូឲ្យពួកជនសង្ស័យទាំងនោះតែម្តង។


ក្រោយពីមានហេតុការណ៍នេះស្រ្តីជនរងគ្រោះបានត្រឹមទំនាក់ទំនងទៅក្រុមគ្រួសារមកដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ៕