បន្ទាយមានជ័យ: ផ្ទះឈើ២ជាន់ទំហំបណ្តោយ៩ម៉ែត្រទទឹង៧ម៉ែត្រនិងសម្ភារនៅក្នុងផ្ទះត្រូវបានអគ្គីភ័យឆាបឆេះអស់ទាំងស្រុងហេតុការណ៍អគ្គីភ័យឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង២និង២០នាទីរសៀលថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០១៩នៅភូមិកំពង់ថ្កូវឃុំទឹកជោរស្រុកព្រះនេត្រព្រះខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះបានឲ្យដឹងថាម្ចាស់មានឈ្មោះ ឈួន សុផល ភេទប្រុសអាយុ៣៧ឆ្នាំជាប្តីនិងប្រពន្ធឈ្មោះ ហ៊ុត ស្រី អាយុ៣៥ឆ្នាំមានកូនតូចៗចំនួន៣នាក់ប្តីនិងប្រពន្ធមិនបាននៅផ្ទះនោះទេដោយជាប់ទៅធ្វើការជាកម្មករនៅខេត្តកំពង់សោមដោយទុកផ្ទះឲ្យកូនតូចៗនៅចាំ។
លោកអធិការបានបន្តថានៅពេលកើតហេតុមានអគ្គីភ័យឆាបឆេះផ្ទះនោះកូនគាត់ទាំង៣នាក់ក៏មិនបាននៅផ្ទះដែរមិនដឹងទៅណាអស់ទុកផ្ទះចោល។
ក្រោយភ្លើងឆាបឆេះហើយទើបអ្នកជិតខាងដឹងក៏បានមកផ្ដល់ដំណឹងដល់សមត្ថកិច្ចពេលនោះមានរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកក្រឡាញចំនួន១គ្រឿងមកសហការនិងរថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកព្រះនេត្រព្រះ១គ្រឿងជួយអន្តរាគមណ៍ពន្លត់តែមិនអាចជួយបានដោយគ្រាន់តែបានជួយទប់ស្កាត់មិនអោយរាលដាលទៅផ្ទះអ្នកជិតខាង។
ផ្ទះដែលរងនូវការឆាបឆេះនេះគឺធ្វើអំពីឈើ២ជាន់ប្រក់ស័ង្កសីជញ្ជាំងក្តារសរសរស៊ីម៉ងត៍មានទំហំ៩ម៉ែត្រគុណ៧ម៉ែត្រនិងសម្ភារនៅក្នុងផ្ទះត្រូវភ្លើងឆេះហ្មត់ទាំងស្រុង។
សមត្ថកិច្ចបានអោយដឹងថាមូលហេតុបើតាមការសន្និដ្ឋានគឺ បណ្តាលមកពីទុស្សេខ្សែភ្លើងស្របពេលម្ចាស់មិននៅផ្ទះ គ្មានអ្នកណាដឹងទម្រាំអ្នកជិតខាងដឹងភ្លើងឆេះពេញក្រមុំ ហើយផ្ទះឈើមានការឆាបឆេះលឿនផ្លូវឆ្ងាយផងនោះ ទើបមិនអាចជួយសង្រ្គោះទាន់ពេលវេលា៕



