ខេត្តរតនគិរី: គោយន្តកន្ត្រៃសណ្ដោងរ៉ឺម៉កមួយគ្រឿងបានលួចដឹកឈើគ្រឿងផ្ទះខុសច្បាប់ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកកូនមុំបង្ក្រាបរឹបអូសប្រគល់ឱ្យជំនាញនៅវេលាម៉ោង៧និង៤០នាទីថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០១៩ត្រង់ចំណុចផ្លូវលំក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ (ក្រុមហ៑ុនវៀតណាម) ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រងស្រុកកូនមុំខេត្តរតនគិរី។
ប្រភពពីកម្លាំងកងរាជអាវុធហត្ថខេត្តបានឱ្យដឹងថាក្នុងប្រតិបត្តិការចុះចាប់គោយន្តដឹកឈើនោះមានកម្លាំងកងរាជអាវុធហត្ថស្រុកនិងស្នាក់ការលេខ៧៨៩ចំនួន៧នាក់ដឹកនាំដោយ លោកវរសេនីយ៍ត្រី រស់ វណ្ណា មេបញ្ជាការកងរាជអាវុធហត្ថស្រុកកូនមុំបានចុះបង្ក្រាបជាក់ស្ដែងគោយន្តកន្ត្រៃដឹកផលនុផលព្រៃឈើដោយគ្មានការអនុញ្ញាតពីជំនាញ។
ការបង្ក្រាបនោះរឹបអូសបានឈើក្ដារប្រភេទលេខ២ចំនួន១៧៥សន្លឹកស្មើនឹង២.០៨០០ម៉ែត្រគូបគោយន្តកន្ត្រៃភ្ជាប់រ៉ឺម៉កចំនួន១គ្រឿងនិងម្ចាស់គោយន្តកន្ត្រៃត្រូវបានកម្លាំងអាវុធហត្ថស្រុកធ្វើការឃាត់ខ្លួននិងវត្ថុតាងប្រគល់ឱ្យជំនាញរដ្ឋបាលព្រៃឈើចាត់ការបន្តតាមនីតិវិធីច្បាប់ព្រៃឈើផងដែរ ៕
